ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយចម្រូងចម្រាស់ឈុតខ្លីរឿង បិសាចគំនូរ ស្រាប់តែលេចលើគេហទំព័ររោងភាពយន្តលេជេន

ភ្នំពេញ ៖ រឿង បិសាចគំនូរ របស់ផលិតកម្ម RED Picture ដែលលេចចេញភាពចម្រូងចម្រាស់ជាមួយរោងភាពយន្តមួយចំនួន ស្រាប់តែលេចចេញឈុតខ្លីៗ នៅលើគេហទំព័រហ្វេសប៊ុក របស់រោងភាពយន្តលេជេន ។ លេចចេញនេះ គឺជាសញ្ញាល្អដែលបញ្ជាក់ថា រោងភាពយន្តទាំងអស់ក៏នឹងអាចចាក់បញ្ចាំង ភាពយន្តខ្មែរមួយនេះ តាមការកំណត់នាថ្ងៃទី១ ខែវិច្ឆិកា ខាងមុខនេះ ។

ដើមឡើយភាពយន្តរឿង បិសាចគំនួរ លេចចេញភាពរកាំរកូសជាមួយបណ្តារោងភាពយន្ត ដោយលេចចេញថា រោងភាពយន្តចង់លើកពេលចាក់បញ្ចាំងភាពយន្តនេះ ដោយសារត្រូវចាក់បញ្ចាំងភាពយន្តថៃ បើទោះបីជាមានការព្រមព្រៀង និងយល់ព្រមគ្នាពីមុនរួចហើយក៏ដោយ។ ក្រោយផ្ទុះការរិះគន់ ភាពយន្តនេះ នឹងមានវត្តមានតាមការគ្រោងទុក។ វាអាចជាការកើតឡើងពីការសម្របសម្រួល និងយោគយល់គ្នារវាងផលិតកម្ម និងរោងភាពយន្តនានានោះ ហើយភាពយន្តខ្នាតធំនេះ អាចនឹងមានវត្តមានដំណាលគ្នាលើរោងភាពយន្តទំនើបទាំងអស់នៅកម្ពុជា ហើយក៏ជាក្តីសង្ឃឹមសម្រាប់សិល្បករ ផលិតករផលិតភាពយន្តនេះផងដែរ។

នៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីអ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្ម RED Picture បាននៅឡើយទេ ប៉ុន្តែយោងតាមការបង្ហោះវីដេអូផ្សព្វផ្សាយខ្លី(Trailer) លើគេហទំព័រហ្វេសប៊ុករបស់រោងភាពយន្តលេជេនរយៈពេលជាង២នាទី ដែលបង្ហាញនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ បានបង្ហាញថា ភាពយន្តរឿង បិសាចគំនូរ នឹងចាប់ផ្តើមចាក់បញ្ចាំងនៅថ្ងៃទី០១ ខែវិច្ឆិកា ដដែលតាមការគ្រោងទុក។

គួរបញ្ជាក់ដែរថា គួរបញ្ជាក់ផងដែរថា ភាពយន្តខ្នាតធំរឿង បិសាចគំនូរ របស់ផលិតកម្ម RED Picture បានសម្រិតសម្រាំងផលិតអស់រយៈពេលជាច្រើនខែ ដោយចូលរួមដោយតារាសម្តែងប្រុសស្រីល្បីឈ្មោះជាច្រើនដូចជា លោក លឹម ជាឡាយ, កញ្ញា គៀត សុវណ្ណាឡាង, លោក ជា សុវណ្ណនរាហ៍, អ្នកនាង សុខ សោម៉ាវត្តី, នាយBIG ជាដើម។ សិល្បករ ផលិតករបានផ្ទុះប្រតិកម្មរឿងរោងភាពយន្តយកកុនបរទេសមកចាក់បញ្ចាំងទម្លាក់កុនខ្មែរនោះ។ ប៉ុន្តែក្រោយផ្ទុះប្រតិកម្មគេបានឃើញវត្តមានភាពយន្តខ្មែរខាងលើអាចបន្តចាក់បញ្ចាំងតាមការគ្រោងទុក៕ វឌ្ឍនា