ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ក្រោយជ្រើសរើសវៀតណាម សម្រាប់ជំនួបកំពូលលើកទីពីរ វៀតណាម ប្តេជ្ញាធ្វើឲ្យកិច្ចប្រជុំកំពូល បានជោគជ័យ

ចែករំលែក៖

ពេលនេះ វៀតណាមទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីប្រព័ន្ធផ្សព្វផ្សាយនានា នៅជុំវិញពិភពលោក ដោយវៀតណាមត្រូវបានអាមេរិកជ្រើសរើសជា កន្លែងរៀបចំជំនួបកំពូលលើកទីពីរ ។ អ្វីដែលចាប់អារម្មណ៍បំផុតនោះគឺ វៀតណាម និងអាមេរិក ជាសត្រូវ​នឹងគ្នា កាលពីអតីតកាល ប៉ុន្តែបច្ចុប្បន្ន ជាមិត្តដ៏ជិតស្និទ្ធ នៅក្នុងតំបន់​ បំភ្លេចអតីតកាល​។

ក្រសួងការបរទេសអាមេរិកបានប្រកាសនៅថ្ងៃទី​៨ ខែកុម្ភៈថា ចំណុចទាំងនោះហើយទើបអាមេរិក សម្រេចជ្រើសរើសយកវៀតណាម​សម្រាប់ពិភាក្សា អាមេរិក កូរ៉េខាងជើង ដោយសង្ឃឹមថា នឹងមានទំនាក់ទំនងល្អប្រសើរ ដូចជាអាមេរិក និងវៀតណាមនាពេលនេះ។

សារព័ត៌មានរ៉យទ័របានផ្សាយថា នៅក្នុងសន្និសីទកាសែត អ្នកនាំពាក្យក្រសួងការបរទេស​អាមេរិក លោក​ Robert Palladino បានបញ្ជាក់ថា តំណាងពិសេស របស់អាមេរិក​ស្តីពីកូរ៉េខាងជើង​ លោក Stephen Biegun ​កំពុងនៅក្នុងទីក្រុងព្យុងយ៉ាង​ដើម្បីរៀបចំជំនួប កំពូលលើកទីពីរ រវាងលោកត្រាំ នឹង​គីមជុងអ៊ុន នាថ្ងៃទី​២៧និ ង២៨ ខែកុម្ភៈខាងមុខ​។

លោក Robert Palladinoបានបញ្ជាក់ទៀតថា មូលហេតុដែលជ្រើសរើស​វៀតណាមសម្រាប់ជំនួបកំពូលលើកទីពីរ ដោយសារតែប្រវត្តិសាស្ត្រនៃទំនាក់ទំនងអាមេរិកវៀតណាម បានឆ្លុះបញ្ចាំងពី​សន្តិភាព ស្ថេរភាព​ និងការអភិវឌ្ឍ ។ លោកបន្តទៀតថា​«យើងបានឆ្លងផុតនូវអតីតកាល​ នៃសង្គ្រាម​ ហើយពេលនេះ យើង​ជាដៃគូអភិវឌ្ឍន៍យ៉ាងល្អប្រសើរ» ។

ជាមួយគ្នានេះ វៀតណាមបានប្តេជ្ញា រៀបចំកិច្ចប្រជុំកំពូល​ រវាងលោកត្រាំ នឹងគីម ជុងអ៊ុន ទទួលបានជោគជ័យ​១០០ភាគរយ ។ វៀតណាម ដែលជាម្ចាស់ផ្ទះ បានប្រកាសស្វាគមន៍ ចំពោះការសម្រេចជ្រើសរើសនេះ ហើយបានប្តេជ្ញាថា នឹងធ្វើឲ្យកិច្ចប្រជុំកំពូលនេះទទួលបានភាពជោគជ័យ។ នេះបើតាមសម្តី អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម អ្នកស្រី ឡេធី ធូហាង (Le Thi Thu Hang) ដែលបានធ្វើសេចក្តីថ្លែងការណ៍ នៅថ្ងៃពុធនេះ នៅពេលដែលឆ្លើយទៅនឹងសំណួររបស់ក្រុមអ្នកសារព័ត៌មាន ចំពោះការប្តេជ្ញាចិត្តរបស់វៀតណាម ទៅលើសុន្ទរកថារបស់លោក ដូណាល់ ត្រាំ ស្តីពីកិច្ចប្រជុំកំពូលលើកទី២ រវាងរូបលោក និងលោកគីម។

ព្រមជាមួយគ្នានោះអ្នកនាំពាក្យបានបញ្ជាក់ដែរថា «វៀតណាម គាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចពិភាក្សា ដើម្បីថែរក្សាសន្តិភាព, សន្តិសុខ និងស្ថិរភាព នៅឧបទ្វីបកូរ៉េ»។

សូមរំឮកថា មេដឹកនាំទាំងពីរ (អាមេរិក-កូរ៉េខាងជើង) បានធ្លាប់ជួបគ្នាជាលើកដំបូង នៅសិង្ហបុរី កាលពីខែមិថុនា ឆ្នាំ២០១៨កន្លងទៅ ហើយបានចុះហត្ថលេខារួមគ្នា លើឯកសារដែលផ្តោតលើបញ្ហា ៤ចំណុច ដែលក្នុងនោះរួមទាំងការប្តេជ្ញាចិត្ត ដើម្បីបញ្ចប់កម្មវិធីអាវុធនុយក្លេអ៊ែ នៅឧបទ្វីបកូរ៉េ និងការធានាសន្តិសុខ ពីសហរដ្ឋអាមេរិកផងដែរ។ ប៉ុន្តែការអនុវត្តនៃកិច្ចព្រមព្រៀង ដែលសម្រេចបាននោះ បានដំណើរកា​យឺតយ៉ាវ ចាប់តាំងពីបានចុះហត្ថលេខាមក៕


ចែករំលែក៖