ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ក្រោយដឹកនាំក្រុមកាំភ្លើងធំ២២ឆ្នាំ លោក Wenger លាទាំងអាល័យ

លោក Arsene Wenger បានលើកដៃលាអ្នកគាំទ្រ និងកីឡាករទាំងអស់របស់ក្លិបកាំភ្លើងធំ Arsenal ក្នុងកម្មវិធីប្រកួតបិទរដូវកាលកាលពីរាត្រីថ្ងៃទី១៣ ខែឧសភា ដោយក្រុមនេះបាន យកឈ្នះក្រុមភ្ញៀវ Huddersfield ១ទល់០។ លោក Arsene Wenger បានទទួលស្គាល់ថា ការនិយាយថា លាហើយ របស់លោកទៅកាន់ក្លិប Arsenal បានក្លាយជាបទពិសោធដ៏ជូរចត់មួយ ខណៈដែលនៅទីបំផុត លោកត្រៀមនិយាយថា លាហើយកាលពីរាត្រីថ្ងៃអាទិត្យ។

គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបានដឹកនាំក្រុម Arsenal ជាលើកចុងក្រោយ ខណៈដែលរជ្ជកាលរយៈពេល ២២ឆ្នាំរបស់លោក ឈានដល់ទីបញ្ចប់ ក្នុងពេលដែលក្រុមកាំភ្លើងធំប្រកួតឈ្នះក្រុម Huddersfield ក្នុងក្របខ័ណ្ឌ Premier League។ គ្រូបង្វឹកវ័យ ៦៨ឆ្នាំរូបនេះ កំពុងតែស្ថិតក្នុងដំណើរការនៃការចាកចេញចាប់តាំងពីក្លិប Arsenal បានប្រកាសកាលពីថ្ងៃទី២០ ខែមេសាថា លោកបានយល់ព្រមចែកផ្លូវជាមួយនឹងក្លិប ក្រោយពីជួបរដូវកាលដ៏ត្រដាបត្រដួសក្នុងប្រកួតមិនបានលទ្ធផលល្អ ។

លោក Wenger បានព្យាយាមរក្សាការស្ថិតក្នុងការផ្តោតអារម្មណ៍លើកីឡាបាល់ទាត់ ប៉ុន្តែ លោកបានទទួលស្គាល់ថា វាមិនងាយស្រួលឡើយក្នុងការគ្រប់គ្រងអារម្មណ៍ ក្នុងពេលគិតទៅលើការចាកចេញរបស់លោក។ អំឡុងពេលសន្និសីទសារព័ត៌មានជាលើកចុងក្រោយរបស់លោកលើទីលានហ្វឹកហាត់របស់ ក្រុម Arsenal មុនពេលការប្រកួតលោក Wenger បាននិយាថា «ខ្ញុំបានរីករាយនូវរាល់ស្ថានភាពទាំងអស់ ប៉ុន្តែ ក៏មិនមែនទាំងអស់ផងដែរ»។ គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបានបន្ថែមទៀតថា៖ «វាមិនមែនតែងតែងាយស្រួលក្នុងការកាត់បន្ថយយ៉ាងយឺតៗជាមួយនឹងអ្វីដែលអ្នកធ្វើជារៀងរាល់ថ្ងៃ និងអ្វីដែលអ្នកតែងតែចង់ធ្វើវាតាមដែលអ្នកធ្វើបាន ហើយអ្នកមិនចង់បំភ្លេចថ្លែងអំណរគុណដល់អ្នកដែលស័ក្តសមនឹងទទួលបានឡើយ»។

ក្រោយពីលោកថ្លែងអរគុណទៅកាន់អ្នកគាំទ្រក្លិបកាំភ្លើងធំ មានអ្នកគាំទ្រ និងកីឡាករជាច្រើន បានសម្តែងអារម្មណ៍សោកស្តាយ និងលើកបដាស្វាគមន៍លោកថា “ពួកយើងនឹងជួបគ្នា” ហើយមានអ្នកខ្លះទឹកភ្លែករលីងរលោងដោយសោកស្តាយក្នុងពេលដែលលោកដឹកនាំក្រុម នៅអង់គ្លេសយូរជាងគេក្នុងប្រវត្តិសាស្រ្ត ។

លោក Arsene Wenger បានសាងកេរ្តិ៍ឈ្មោះឲ្យក្លិបកាំភ្លើងធំបានច្រើនដោយលោកបានជួយ ឲ្យក្លិបឈ្នះជើងឯក Premier League ៣ដង និង FA Cup ៧ដងរួមនឹងពានមួយចំនួនទៀត។ ចំណែកកីឡាករល្អបំផុត១៥រូបដែលលោក Wenger បានចុះកុងត្រាអំឡុងពេលដឹកនាំ Arsenal ជាង២ទសវត្សមានដូចជា ៖

១-Partrick Vieira ផ្ទេរពីក្លិប AC Milan តម្លៃ ៤,៧ លានដុល្លារ កាលពីឆ្នាំ១៩៩៦

២-Emmanuel Petit ផ្ទេរពីក្លិប Monaco តម្លៃ ៣,៣ លានដុល្លារ កាលពីឆ្នាំ ១៩៩៧

៣-Marc Overmars ផ្ទេរពីក្លិប Ajax តម្លៃ ៧,៤ លានដុល្លារ កាលពីឆ្នាំ ១៩៩៧

៤-Freddie Ljungberg ផ្ទេរពីក្លិប Halmstads BK តម្លៃ ៤ លានដុល្លារ កាលពីឆ្នាំ ១៩៩៨

៥-Thierry Henry ផ្ទេរពីក្លិប Juventus តម្លៃ ១៤ លានដុល្លារ កាលពីឆ្នាំ ១៩៩៩

៦-Nwankwo Kanu ផ្ទេរពីក្លិប Internazionale តម្លៃ ៦ លានដុល្លារ កាលពីឆ្នាំ ១៩៩៩

៧-Nicolas Anelka ផ្ទេរពីក្លិប PSG តម្លៃ ៦៧៧ ០០០ ដុល្លារ កាលពីឆ្នាំ ១៩៩៩

៨-Robert Pires ផ្ទេរពីក្លិប Marseille តម្លៃ ៨ លានដុល្លារ កាលពីឆ្នាំ ២០០០

៩-Sol Campbell ផ្ទេរពីក្លិប Tottenham ដោយគ្មានតម្លៃផ្តាច់កុងត្រ (free) កាលពីឆ្នាំ ២០០១

១០-Giberto Silva ផ្ទេរពីក្លិប Atletico Mineiro តម្លៃ ៦ លានដុល្លារ កាលពីឆ្នាំ ២០០២

១១-Kolo Toure ផ្ទេរពីក្លិប ASEC Mimosas តម្លៃ ២០៣ ០០០ ដុល្លារ កាលពីឆ្នាំ ២០០២

១២-Cesc Fabregas ផ្ទេរពីក្លិប Barcelona តម្លៃ ១,៣ លានដុល្លារ កាលពីឆ្នាំ ២០០៣

១៣-Laurent Koscielny ផ្ទេរពីក្លិប Lorient តម្លៃ ១៣,៥ លានដុល្លារ កាលពីឆ្នាំ ២០១០

១៤-Mesut Ozil ផ្ទេរពីក្លិប Real Madrid តម្លៃ ៥៧,៥ លានដុល្លារ កាលពីឆ្នាំ ២០១៣

១៥-Alexis Sanchez ផ្ទេរពីក្លិប Barcelona តម្លៃ ៤៧ លានដុល្លារ កាលពីឆ្នាំ ២០១៤ ៕ ដេវីត