ព័ត៌មានទាន់ហេតុការណ៍៖

ក្លិបតោខៀវ ចង់បានលោក Mauricio Pochettino មកដឹកនាំជំនួសតំណែងលោក Conte

គ្រូបង្វឹកក្រុម Tottenham លោក Mauricio Pochettino ត្រូវបានក្រុមតោខៀវ Chelsea បានកំណត់គោលដៅអាទិភាពជាបេក្ខជនជម្រើសដំបូងរបស់ខ្លួនជំនួសលោក Antonio Conte ជាអ្នកចាត់ការទូទៅនាពេលបច្ចុប្បន្ននេះ។ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីវ័យ៤៩ឆ្នាំលោក Conte បានដឹកនាំ Chelsea ឈ្នះពាន Premier League ក្នុងរដូវកាល ២០១៦-២០១៧ ប៉ុន្តែតួនាទីរបស់អតីតគ្រូបង្វឹកក្រុម Juventus រូបនេះ ស្ថិតនៅក្រោមសម្ពាធជាខ្លាំង ក្រោយពីរូបលោកខកខានមិនអាចដឹកនាំក្រុមទទួលជោគជ័យសម្រាប់ការប្រកួតជាបន្តបន្ទាប់នៅរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយសម្រាប់រដូវកាលនេះ។

លោក Luis Enrique អតីតគ្រូបង្វឹក Barcelona និង លោក Thomas Tuchel អតីតគ្រូបង្វឹក Dormund ក៏ស្ថិតនៅក្នុងជម្រើសក្នុងការមកដឹកនាំក្រុមនៅកីឡដ្ឋាន Stamford Bridge ផងដែរ។ ប៉ុន្តែគ្រូបង្វឹក Tottenham លោក Pochettino សញ្ជាតិអាហ្សង់ទីនវ័យ ៤៦ឆ្នាំគឺជាបេក្ខភាពដំបូងគេបង្អស់ ។

សម្រាប់គ្រូបង្វឹកលោក Conte មកដល់ពេលបច្ចុប្បន្ននេះ នៅមិនទាន់ដឹងពីជោគវាសនារបស់ខ្លួនពិត ប្រាកដថានៅបន្តដឹកនាំក្រុមនៅឡើយទេ ស្របពេលដែលរូបលោកធ្លាប់បានផ្តល់បទសម្ភាសន៍ថា «ខ្ញុំមិនដឹងថានឹងត្រូវស្មោះត្រង់ជា មួយក្លិបយូរប៉ុណ្ណាទៀតទេ វាមិនមែនជាបញ្ហារបស់ខ្ញុំ តែវាជាបញ្ហារបស់ក្លិប»។

NKD-36x6_outline

សម្រាប់រដូវកាលនេះក្រុម Chelsea នៅសល់តែពាន FA Cup ១ប៉ុណ្ណោះដើម្បីប្រជែងយក ខណៈដែលក្រុមបានធ្លាក់ចេញពីក្របខ័ណ្ឌកំពូលទ្វីបអឺរ៉ុប Champions League ក្រោមថ្វីជើងក្រុម Barcelona នៅវគ្គ១៦ក្រុមចុងក្រោយហើយកំពុងប្រឈមមុខនឹងការតស៊ូ ដ៏លំបាកដើម្បីបញ្ចប់រដូវកាលនៅកំពូលក្រុមទំាង៤ ក្រោយបរាជ័យចាញ់ក្រុម Tottenham ១-៣ កាលពីសប្តាហ៍មុន។ ក្រុមតោខៀវនឹងត្រូវប៉ះក្រុម Southampton វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៦និង៤០នាទីល្ងាច ដើម្បីប្រជែងគ្នាទៅកាន់វគ្គផ្តាច់ព្រ័ត្រ ៕ ដេវីត