ព័ត៌មានទាន់ហេតុការណ៍៖

ក្លិបយក្សអ៊ីតាលីAC Milanត្រូវជាប់បម្រាមមិនឲ្យលេងពានទ្វីបអឺរ៉ុបរយៈពេលមួយឆ្នាំ

ក្លិបបាល់ទាត់ AC Milanដែលជាក្លិបយក្សមួយរបស់អ៊ីតាលី ត្រូវបានជាប់បម្រាមមិនឲ្យចូលលេងពាននៅទ្វីបអឺរ៉ុបមួយរដូវកាល បន្ទាប់ពីរំលោភច្បាប់តុល្យភាពហិរញ្ញវត្ថុ (FFP)។នេះបើតាមការប្រកាសរបស់សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប(UEFA)។

UEFAបានប្រកាសថាក្លិបAC Milan មិនអាចចូលរួមប្រកួតដណ្តើមពានរង្វាន់ទ្វីប អឺរ៉ុបឡើយនៅក្នុងរដូវកាលឆ្នាំ២០១៨-២០១៩ខាងមុខនេះតើទោះបីជាពួកគេមានកៅអីលេង វគ្គជម្រុះ Europa League ក៏ដោយ។ កាលពីរដូវកាលមុនក្រុមយក្សអ៊ីតាលីមួយនេះឈរលេខ៦ក្នុងតារាង Serie A មានឈ្មោះលេងក្នុងពូលក្នុងកម្មវិធី Europa League។ ប៉ុន្តែដោយមានបម្រាមបែបនេះរដូវកាលក្រោយពួកគេមិនអាចចូលរួមបានទេ។

ក្លិបAC Milanត្រូវបានលោក Silvio Berlusconiអតីតនាយករដ្ឋមន្ត្រីអ៊ីតាលីលក់ទៅឲ្យអ្នក វិនិយោគចិនក្នុងតម្លៃ៦៤៨លានផោនកាលពីឆ្នាំ២០១៧។ ម្ចាស់ក្លិបថ្មីបានចំនាយលុយ ២០០លានផោនបន្ថែមទៀតដើម្បីទិញកីឡាករថ្មីៗមកពង្រឹងក្លិបដូចជា ទិញ Leonardo Bonucci ពី Juventusក្នុងតម្លៃ៣៥,១លានផោន និង Andre Silvaពី FC Portoក្នុងតម្លៃ៣៣,៦លានផោន។

គួរបញ្ជាក់ថា ច្បាប់តុល្យភាពហិរញ្ញវត្ថុ (FFP) របស់UEFAត្រូវបានយកមកអនុវត្ត ដើម្បីការពារមិនឲ្យក្លិបបាល់ទាត់ចាយលុយច្រើនលើសបំណុល ហើយក្លិបទាំង នោះនឹងត្រូវដាក់ពិន័យប្រសិនបើពួកគេចាយច្រើនជាងលុយដែលពួកគេរកបាន ៕ ដេវីត