ព័ត៌មានទាន់ហេតុការណ៍៖

ក្លិប Derby Country ជ្រើសរើសយក Frank Lampard ជាគ្រូបង្វឹកថ្មី

អតីតកីឡាករ Frank Lampard ដែលជាវីរបុរសក្រុមតោខៀវ Chelsea ត្រូវបានតែងតាំងជាអ្នកចាត់ការថ្មីរបស់ក្លិប Derby County ជាមួយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល៣ឆ្នាំ ដើម្បីដឹកនាំក្រុមនៅក្របខ័ណ្ឌលំដាប់ទីពីរអង់គ្លេស Championship រដូវកាលក្រោយ។

ក្រុម Derby បាននិងកំពុងស្វែងរកអ្នកចាត់ការថ្មីបន្ទាប់ពីការចាកចេញរបស់កីឡាករ Gary Rowett ទៅកាន់គូប្រជែងលីកកាលពីសប្តាហ៍មុនគឺក្រុម Stoke City ដែលទើបតែធ្លាក់ពីក្របខ័ណ្ឌ Premier Legue មក Championship ហើយក្លិបបានសម្រេចចិត្តជ្រើសរើសលោក Frank Lampard បច្ចុប្បន្នជាអ្នកអ្នកវិភាគកីឡា វ័យ៣៩ឆ្នាំ ក្នុងតួនាទីគ្រប់គ្រងជាលើកដំបូងរបស់គាត់។

ក្រោយទទួលតំណែងជាអ្នកចាត់ការទូទៅថ្មីលោក Frank Lampard បាននិយាយថា «ខ្ញុំតែងតែចង់គ្រប់គ្រងក្លិបជាមួយនឹងក្រុមដែលមានប្រពៃណីនិងប្រវត្តិសាស្រ្តដ៏ធំធេងយូរអង្វែងដូចជា Derby County ដូច្នេះនេះគឺជាឱកាសដ៏ធំមួយ។ ខ្ញុំបានចំណាយពេលច្រើនដើម្បីពិភាក្សាអំពីតួនាទីនិងគោលបំណងរបស់ក្លិបជាមួយសមាជិកក្រុមប្រឹក្សាភិបាល។យើងមិនទាន់និយាយពីមហិច្ឆតាវិលត្រលប់ទៅលេងនៅក្របខ័ណ្ឌកំពូល Premier league វិញទេ ប៉ុន្តែខ្ញុំចង់ឃើញក្រុមបញ្ចប់លទ្ធផលក្នុងចំណាត់ថ្នាក់ក្រុមកំពូលទាំង៦នៅក្នុងក្របខ័ណ្ឌ Championship ដូចកាលពីរដូវកាលមុន ខណៈដែលក្នុងពេលជាមួយគ្នានេះដែរយើងបាននាំយកនូវទេពកោសល្យយុវជន និងទេពកោសល្យមួយចំនួនដែលយើងមានមកលេងនៅកីឡដ្ឋាន Pride Park»។

អតីតខ្សែបម្រើក្រុមតោខៀវ Chelsea, West Ham និងខ្សែបម្រើអន្តរជាតិអង់គ្លេសរូបនេះត្រូវបាន ក្រុម Ipswich ធ្វើបទសម្ភាសន៍ពីរដងរួចមកហើយនៅដើមរដូវក្តៅនេះ ប៉ុន្តែក្រុម បានជ្រើសរើសឱ្យតែងតាំង Paul Hurst ជាអ្នកចាត់ការថ្មីរបស់ពួកគេជំនួសវិញ ៕ ដេវីត