ព័ត៌មានទាន់ហេតុការណ៍៖

ក្លិប Southampton បណ្តេញលោក Pellegrino ចេញពីតំណែង

ក្លិប Southampton បានសម្រេចបណ្ដេញលោក Mauricio Pellegrino ចេញពីតំណែងជាអ្នកចាត់ការទូទៅក្រោយពីក្លិបមួយនេះស្ថិតនៅលេខ១៧ក្បែរតំបន់ត្រូវកាត់ចេញ។

ប៉ុន្មានប្រកួតចុងក្រោយនេះក្រុម Southampton ហាក់ធ្វើមិនបានល្អដោយមាន១ពិន្ទុប៉ុណ្ណោះលើក្រុមលេខ១៨ Crystal Palace ខណៈលីកអង់គ្លេសនៅសល់៨ប្រកួតទៀតបញ្ចប់រដូវកាលហើយ។ ក្រោមការដឹកនាំរបស់លោក Pellegrino ក្លិបSouthampton ធ្លាប់ឈ្នះម្ដងគត់នៅ១៧ប្រកួតចុងក្រោយ ។

លោក Pellegrino បានចូលកាន់តំណែងនាកីឡដ្ឋាន St Mary’s ក្នុងកិច្ចសន្យារយៈពេល ៣ឆ្នាំ កាលពីខែមិថុនា ឆ្នាំមុន ប៉ុន្តែក្លិប Southampton បានប្រកាសក្នុងសេចក្តីថ្លែងការណ៍មួយថា «ក្លិបនឹងសម្លឹងរកការតែងតាំងអ្នកចាត់ការទូទៅថ្មីម្នាក់ ឲ្យបានឆាប់តាមដែលអាច ខណៈដែលការស្វែងរកគ្រូបង្វឹកដែលត្រូវជំនួសដំណើរការរួចជាស្រេច»។

គ្រូបង្វឹកជំនួយលោក Carlos Compagnucci និងលោក Xavier Tamarit ក៏បានចាកចេញពីក្លិបនេះផងដែរ។ ការធ្លាក់ចុះទម្រង់លេងជាបន្តបន្ទាប់ ដែលបានធ្វើឲ្យក្រុម Southampton ឈ្នះតែ ១លើកគត់ក្នុងចំណោមការប្រកួត ១៧លើកចុងក្រោយនៃក្របខ័ណ្ឌ Premier League របស់ពួកគេ បានក្លាយជាចំណុចកាត់សេចក្តីចំពោះជោគវាសនារបស់លោក Pellegrino តែម្តង។

ការបរាជ័យចុងក្រោយបំផុតក្នុងលទ្ធផល ៣-០ នៅលើទឹកដីក្រុមស្ថិតក្នុងតំបន់កាត់ចោល កាលពីថ្ងៃសៅរ៍ បានបង្ហាញពីការអត់ធ្មត់ចុងក្រោយសម្រាប់ថ្នាក់ដឹកនាំរបស់ក្លិប Southampton ខណៈដែលក្លិបនេះកំពុងតែស្ថិតក្នុងគ្រោះថ្នាក់នៃការកាត់សេចក្តីក្របខ័ណ្ឌកំពូលជាលើកទី១ បើគិតចាប់តាំងពីឈ្នះសិទ្ធិកាលពីឆ្នាំ២០១២៕ ដេវីត