ព័ត៌មានទាន់ហេតុការណ៍៖

ខណ្ឌជលផលខេត្តកំពង់ចាម សហការជាមួយអាជ្ញាធរចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងស្រុកកំពង់ចាម

ខេត្តកំពង់ចាម ៖ នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះ ជំនាញខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានចុះសហការជាមួយអាជ្ញាធរឃុំរអាង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរអាង បើកប្រតិបត្តិការចុះបង្រ្កាបបទល្មើសជលផល ស្ថិតក្នុងស្រុកកំពង់សៀម បានចំនួន២ករណី ក្នុងនោះកាប់បំផ្លាញឧបករណ៍ល្មើសច្បាប់ចោលនៅនឹងកន្លែង និងលែងត្រីចូលបឹងធម្មជាតិវិញ ។

មន្ត្រីខណ្ឌជលផលខេត្តកំពង់ចាមឲ្យដឹងថា ករណីទី១ធ្វើឡើងនៅចំណុចភូមិរអាងលើឃុំរអាង ស្រុកំពង់សៀមដោយកម្លាំងបានដកហូតលូស្បៃមុងចំនួន៣៥មាត់ របាំងស្បៃមុងប្រវែង ១៧៥០ម៉ែត្រ បង្គោលចម្រឹងឫស្សីចំនួន ៥២៥ដើម និងចាក់លែងកូនត្រីចម្រុះទម្ងន់៥២គីឡូក្រាម ។

ចំណែកករណីទី២ ធ្វើឡើងនៅចំណុចភូមិទួលរកា ឃុំរអាង ស្រុកំពង់សៀម កម្លាំងដកហូតបានលូស្បៃមុងចំនួន ៣២មាត់ របាំងស្បៃមុងប្រវែង ១៦០០ម៉ែត្រ បង្គោលចម្រឹងឬស្សីចំនួន ៤៨០ដើម ចាក់លែងកូនត្រីចម្រុះទម្ងន់៤៨គីឡូក្រាម ។

មន្ត្រីថា ចំពោះវត្ថុតាងដែលដកហូតបានកាប់បំផ្លាញចោលនៅនឹងកន្លែងតែម្តង និងបានលែងត្រី ឲ្យចូលបឹងវិញ៕ វណ្ណៈ