ព័ត៌មានទាន់ហេតុការណ៍៖

ខឹងប្តីចូលម៉ាស្សាទៅវាយថៅកែហាងសង៨០០ដុល្លារ

ភ្នំពេញ៖​ ស្ត្រីម្នាក់បានទៅវាយថៅកែហាងម៉ាស្សាកោសជប់ដល់ផ្ទះ បណ្តាលឲ្យរងរបួសដោយចោទប្រកាន់ថា ស្រ្តីរងគ្រោះមកទាក់ទងប្តីខ្លួន ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨​ នៅហាងម៉ាស្សាមួយកន្លែង​ ភូមិព្រៃទា​ សង្កាត់ចោមចៅ៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ ។

តាមតាមស្ត្រីរងគ្រោះបានឲ្យដឹងថា​ មុនពេលកើតហេតុរូបគាត់កំពុងអង្គុយលេងនៅក្នុងផ្ទះ ដែលបានបើកហាងម៉ាស្សាកោសជប់​ លុះមកដល់វេលាកើតហេតុស្រាប់តែមានអនុភូមិព្រៃទា​ បាននាំស្ត្រីម្នាក់ ចូលមកគាត់ដល់ក្នុងផ្ទះតែម្តងបណ្តាលឲ្យរងរបួសជាំភ្នែក​ ហើយបានចោទប្រកាន់ថារូបគាត់មានសាហាយស្មន់ជាមួយប្តីគាត់​ ។

សាក្សីបានបន្តថា​ រូបគាត់មិនដែលមានទំនាក់ទំនងជាមួយប្តីស្ត្រីបង្កនោះទេ​ គ្រាន់តែបុរសជាប្តីស្ត្រីបង្កធ្លាប់មកម៉ាស្សាកន្លែងគាត់តែប៉ុណ្ណោះ ។

ចំណែកភាគីខាងស្ត្រីបង្កមិនអាចមានការបំភ្លឺឲ្យច្បាស់នោះទេ ។

លុះរហូតមកដល់រសៀលថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨​ ទើបស្ត្រីរងគ្រោះមកដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍ចោមចៅទី៣​ ដើម្បីសុំការអន្តរាគមន៍ ។ ក្រោយមកសមត្ថកិច្ចបានចុះឃាត់ខ្លួន និងនាំយកមកសាកសួរ និងដោះស្រាយតាមច្បាប់ ។

​បន្ទាប់ពីឃាត់ខ្លួនជនបង្កនៅចំពោះមុខសមត្ថកិច្ចភាគីទាំងសងខាងបានសម្របសម្រួលគ្នាដោយភាគីខាងជនដៃដល់សងជំងឺចិត្តទៅលើស្ត្រីរងគ្រោះចំនួន៨០០ដុល្លារដើម្បីបញ្ចប់រឿង ៕ សុខាសែនជ័យ