ព័ត៌មានទាន់ហេតុការណ៍៖

ខឹងប្រពន្ធសុំលែង បុរសម្នាក់សម្រេចចិត្តចងកធ្វើអត្តឃាត

ខេត្តកណ្ដាល៖ បុរសម្នាក់ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន បានសម្រេចចិត្តចងកធ្វើអត្តឃាតសម្លាប់ខ្លួន បណ្ដាលឲ្យស្លាប់នៅលើដើមស្វាយ ព្រោះតែខឹងប្រពន្ធសុំលែងលះ ។ ករណីចងកធ្វើអត្តឃាតសម្លាប់ខ្លួនខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៤និង៣០នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ លើដើមស្វាយ ត្រង់ចំណុចមុខផ្ទះ ប៉ូ ថន ស្ថិតក្នុងភូមិក្រោគោ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ។

មន្ត្រីនគរបាលផ្នែកកោសល្យវិច្ច័យស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជិន រក្សា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិក្រោលគោ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល មានប្រព្ធឈ្មោះ ជត ម៉ាលីន អាយុ៣៩ឆ្នាំ មានទីលំនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពដដែលបន្តថា ជនរងគ្រោះនឹងប្រពន្ធបានរៀបការជាមួយគ្នាអស់រយះពេលជាយូរមកហើយ ហើយកន្លងមកជនរងគ្រោះជាមនុស្សប្រើប្រាស់គ្រឿងញៀនជាប្រចាំ នៅពេលប្រើប្រាស់ម្ដងៗជនរងគ្រោះតែងតែរករឿងគំរាមរកអាកសំលាប់ប្រពន្ធ និងប្រច័ណ្ឌផងដែរ ។ កាលពីប៉ុន្មានខែមុន ជនរងគ្រោះបានលេបថ្នាំសំលាប់ខ្លួនម្ដងហើយ តែប្រពន្ធឃើញទាន់ក៏បានសង្គ្រោះយកទៅពេទ្យទាន់ពេល ។

ក្រោយមកទៀតបានរយះពេលមួយខែ ជនរងគ្រោះបានចងកនៅក្រោមផ្ទះម្ដងទៀតនៅពេលប្រពន្ធមិននៅផ្ទះ ខណៈនោះប្អូនថ្លៃរបស់ជនរងគ្រោះឈ្មោះ ជត សុវណ្ណ ឃើញទាន់ក៏ស្ទុះចាប់ស្រាយចេញវិញ ។ បន្ទាប់មកនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង៩និង៣០នាទី ប្រពន្ធជនរងគ្រោះបានបបួលជនរងគ្រោះមកលេងម្ដាយក្មេកនៅភូមិក្រោលគោ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល រហូតដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង៦និង៣០នាទីព្រឹក ប្រពន្ធជនរងគ្រោះក៏ទៅផ្ទះមុនដើម្បីធ្វើការរោងចក្រនៅស្វាយប៉ាក រហូតដល់ម៉ោង១៦ ទើបចេញពីធ្វើការវិញ ។ ខណៈនោះប្រពន្ធជនរងគ្រោះបានទូរស័ព្ទមកប្រាប់ម្ដាយក្មេកថា៖ម៉ែ ខ្ញុំមិនទៅផ្ទះវិញទេ នាងខ្ញុំសុំលែងប្ដីខ្ញុំហើយ ពេលនោះម្ដាយនិយាយថា៖ មិចអញ្ចឹងកូន អត់មានរឿងអីផង បានសុំលែងគ្នា ប្រពន្ធជនរងគ្រោះឆ្លើយថា៖ ខ្ញុំទ្រាំលែងបានហើយ ពិបាកណាស់ ។

លុះដល់ម៉ោង២០ទៅម៉ោង២១ ជនរងគ្រោះបានទូរស័ព្វទៅប្រពន្ធនិយាយគ្នាថា៖បើឯងមិនមកផ្ទះវិញទេ ខ្លួន(ជនរងគ្រោះ)សុំលារហូត ប្រពន្ធនិយាយថា៖កុំគិតខ្លីពេក រួចមកក៏បិតទូរស័ព្វដេកបាត់ទៅ។

ប្រភពដដែលបន្តទៀតថា ក្រោយពីនិយាយចប់ស្អែកឡើងដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ស្រាប់តែឈ្មោះ ប៉ូ ថន ត្រូវជាម្ដាយជនរងគ្រោះបានឃើញជនរងគ្រោះស្លាប់ដោយចងកទៅនឹងដើមស្វាយខាងមុខផ្ទះ ភ្លាមនោះមានការភ្ញាក់ផ្អើលដលប្រជាពលរដ្ឋជិតខាង និងប្រាប់ប្រពន្ធជនរងគ្រោះ រួចរាយការជូនសមត្ថកិច្ចជប៉ុស្ដិ៍ អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ពេទ្យបានចុះពិនិត្យសាកសពនៅផ្ទះជនរងគ្រោះ រួចបញ្ជាក់ថា ជនរងគ្រោះស្លាប់ស្លាប់ដោយចងក ខ្លួនឯងពិតប្រាកដមែន។

ក្រោយពីពិនិត្យរួច សាកសពបានប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ស្អាងជ័យ