ព័ត៌មានទាន់ហេតុការណ៍៖

ខឹងប្រពន្ធស្ដីបន្ទោសបុរសម្នាក់សម្រេចចិត្តចងកសម្លាប់ខ្លួន

ខេត្តកណ្ដាលៈ បុរសម្នាក់បានសម្រេចចិត្តចងកសម្លាប់ខ្លួនទៅនឹងធ្នឹមផ្ទះស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពីខឹងប្រពន្ធរបស់ខ្លួនស្ដីបន្ទោសបន្តិចបន្ទួចអំពីរឿងលុយកាក់ ។ ករណីចងក.ធ្វើអត្តឃាតសម្លាប់ខ្លួនខាងលើនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិស្លែង ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាល ។

មន្រ្តីនគរបាលផ្នែកកោសល្យវិច្ច័យបច្ចេកទេសនិងវិទ្យាសាស្រ្តបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ វង្ស សុភា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិស្លែង ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាល មានប្រពន្ធឈ្មោះ ឌី ភាស់ អាយុ៣៣ឆ្នាំ ។

ប្រភពដដែលបន្តថា តាមការបំភ្លឺរបស់ប្រពន្ធជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ខ្លួនជាប្រពន្ធមានទំនាស់ពាក្យសំដីគ្នាជាមួយនិងជនរងគ្រោះជាប្តី ដោយប្រពន្ធបានស្តីបន្ទោសបន្តិចបន្ទួចអំពីរឿងលុយកាក់ ។ បន្ទាប់ពីមានទំនាស់ពាក្យសំដីរួច ប្រពន្ធជនរងគ្រោះក៏ចេញទៅធ្វើការរោងចក្រកាត់ដេរបាត់តាមធម្មតា ។ លុះមកដល់វេលាម៉ោងប្រមាណ១១ថ្ងៃត្រង់ ថ្ងៃខែកើតហេតុខាងលើ ស្រាប់តែកូនបង្កើតរបស់របស់ជនរងគ្រោះឈ្មោះ វង្ស សីលា អាយុ៧ឆ្នាំ បានឡើងទៅលើផ្ទះ ក៏បានឃើញឪពុករបស់ខ្លួនចងក.សម្លាប់ទៅនឹងធ្នឹមផ្ទះ ភ្លាមនោះកូនស្រីជនរងគ្រោះក៏បានទៅប្រាប់យាយរបស់ខ្លួនមកមើល ក៏បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង មកជួយស្រាយសាកសពជនរងគ្រោះចុះ រួចបានរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលជ្រៃលាស់ដើម្បីពិនិត្យ ។

NKD-36x6_outline

ក្រោយពីសមត្ថកិច្ចបានទទួលព័ត៌មាន ភ្លាមនោះ ក៏ចុះទៅពិនិត្យសាកសព ដោយមានការចូលរួមពីកម្លាំងជំនាញ ,អាជ្ញាធរមូលរដ្ឋាននិងគ្រូពេទ្យ ចុះមកដល់កន្លែងកើតហេតុធ្វើការពិនិត្យរួចបញ្ជាក់ថា៖ ជនរងគ្រោះពិតជាស្លាប់ដោយសារ ចងកធ្វើអត្តឃាតដោយខ្លួនឯងប្រាកដមែន ។ ចំណែកឯសាកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ