ព័ត៌មានទាន់ហេតុការណ៍៖

ខឹងម៉ែស្តីបន្ទោសតិចតួច នាងក្រមុំរត់ចេញពីផ្ទះបាត់៥ថ្ងៃហើយ

ចែករំលែក៖

ខេត្តកំពង់ចាម៖ នាងក្រមុំម្នាក់បានសម្រេចចិត្តរត់ចេញពីផ្ទះ ធ្វើឲ្យឪពុកម្តាយ និងសមត្ថកិច្ចខ្វាល់ខ្វល់ ដុតដៃដុតជើងតាមរកនាង បន្ទាប់ពីបានបាត់ខ្លួនតាំងពីថ្ងៃទី១៣ ខែតុលា នៅភូមិរូង ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម ។

លោកសំ ណាល់ អធិការនគរបាលស្រុកបាធាយបានឲ្យដឹងថា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ នគរបាលប៉ុស្តិ៍ទំនប់ បានទទួលបណ្តឹងពីអ្នកស្រី ឌុច វិច មានទីលំនៅភូមិ ឃុំកើតហេតុខាងលើបានមកប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ស្វែងរកកូនស្រីឈ្មោះ ម៉ៅ ធារី អាយុ២០ឆ្នាំ រស់នៅក្នុងបន្ទុកឪពុកម្តាយ ដែលបានបាត់ខ្លួនតាំងពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ មិនដឹងទៅទីណា ។

អ្នកស្រីឌុច វិច បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ អ្នកស្រីបានស្តីបន្ទោសកូនស្រីមិនឲ្យដើរលេង និងឲ្យខិតខំជួយធ្វើការងារឪពុកម្តាយ ។ ក្រោយពីស្តីបន្ទោសរួច ស្រាប់តែមិនឃើញកូនស្រីត្រឡប់មកផ្ទះ ក៏ផ្អើលឆោឡោនាំគ្នាដើររករហូតដល់ថ្ងៃទី១៥ ខែតុលា នៅតែមិនឃើញកូនស្រីត្រឡប់មកផ្ទះ ទើបអ្នកស្រីសម្រេចចិត្តប្តឹងនគរបាលឲ្យជួយអន្តរាគមន៍ ។

លោក សំ ណាល់ អធិការស្រុកបាធាយបានឲ្យដឹងថា ក្រោពីទទួលបានបណ្តឹងនេះភ្លាម សមត្ថកិច្ចបានផ្សព្វផ្សាយតាមបណ្តាប៉ុស្តិ៍ក្នុងស្រុក ព្រមទាំងជូនដំណឹងដល់ស្នងការនគរបាលខេត្តឲ្យជួយស្រាវជ្រាវបន្ត ។ រហូតដល់ថ្ងៃទី១៧ ខែតុលា នៅតែរកនាងក្រមុំម៉ៅ ធារី មិនទាន់ឃើញឡើយ ។

អាណាព្យាបាលរបស់នាងអំពាវនាវដល់កូនស្រីឲ្យត្រឡប់មកផ្ទះវិញ ៕ នួន នរិន្ទ្រន៍

d vd


ចែករំលែក៖