ព័ត៌មានទាន់ហេតុការណ៍៖

ខឹងសង្សារបន្ទោសរឿងមិនទៅធ្វើបុណ្យភ្ជុំបិណ្ឌ រត់ទៅចងកសម្លាប់ខ្លួនក្នុងក្រោលក្របី

ខេត្តស្វាយរៀង ៖យុវជនម្នាក់មានគំនិតខ្លី ដោយគ្រាន់តែខឹងនឹងសង្សារស្តីបន្ទោសរឿងមិនទៅធ្វើបុណ្យភ្ជុំបិណ្ឌនៅស្រុកកំណើតនឹងគេក៏រត់ ទៅចងកសម្លាប់ខ្លួនក្នុងក្រោលក្របី បង្កការភ្ញាក់ផ្អើល ចំថ្ងៃភ្ជុំបិណ្ឌ នាព្រឹក ថ្ងៃ អង្គារ ១៥រោច ខែ ភទ្របទ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ នៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ។

មន្រ្តីនគរបាលក្រុងបាវិតបានឲ្យដឹងថា យុវជនគិតខ្លីនោះមានឈ្មោះ គឹម រស្មី ភេទប្រុស អាយុ២០ឆ្នាំជនជាតិខ្មែរ មានមុខរបរជាបុគ្គលិកកាស៊ីណូនៅក្រុងបាវិត មានទីលំនៅភូមិជៀសឬស្សី ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។កន្លងមកយុវជនគិតខ្លីនេះបានមកជួលបន្ទប់ស្នាក់នៅក្នុងភូមិសង្កាត់កើតហេតុខាងលើយូរខែមកហើយ ហើយនៅមុនថ្ងៃកើតហេតុក្នុងពេលបុណ្យភ្ជុំបិណ្ឌខ្លួនគេនៅធ្វើការធម្មតា ដោយមិនបានត្រឡប់ទៅផ្ទះស្រុកកំណើតដើម្បីទៅវត្តទៅវ៉ា និងគេទេ។

ប្រភពដដែលបានបន្តថា នៅថ្ងៃនោះយុវជនរូបនេះ បានទំនាស់ពាក្យសម្តីជាមួយសង្សារ ដោយសង្សារបានស្តីបន្ទោសថា ពេលបុណ្យភ្ជុំបិណ្ឌនេះសំខាន់ណាស់ ដែលកូនខ្មែរអ្នកកាន់ព្រះពុទ្ធសាសនា ចាំបាច់ត្រូវទៅផ្ទះស្រុកកំណើតដើម្បីធ្វើបុណ្យតបគុណដល់អ្នកមានគុណនិងឧទ្ទិសមហាកុសលជូនជីដូជីតាដែលបានចែកឋានទៅ ហើយយ៉ាងហោចណាស់ក៏ទៅវត្តបានម្តងដែរ។ ក៏ប៉ុន្តែពេលនេះមិនដឹងជាមានបញ្ហាអ្វី នារីជាសង្សារបបួលទៅស្រុកបែរជាយុវជននេះមិនបានទៅទើបមានទំនាស់ពាក្យសំដី គ្នាហើយទង្វើនេះត្រូវសង្សារខឹងក៏ស្តីបន្ទោសធ្វើឲ្យយុវជនជាសង្សារ យ៉ាងខ្លាំង។ ក្រោយមកដោយទំនងតូចចិត្តនឹងសង្សារស្តីបន្ទោសធ្វើឲ្យយុវជននេះគិតខ្លីបានរត់ចង.កធ្វើអត្តឃាតក្នុងក្រោលក្របីអ្នកភូមិស្លាប់យ៉ាងអាណោចអាធ័មបែបនេះ ។

លុះព្រឹកឡើងវេលាម៉ោង៦និង១០នាទីព្រឹក ថ្ងៃទី៩ តុលា ឆ្នាំ ២០១៨ ដែលជាថ្ងៃឆ្លងភ្ជុំបិណ្ឌម្ចាស់ផ្ទះបានប្រទះឃើញជនរងគ្រោះចង.កសម្លាប់ខ្លួននៅក្នុងក្រោលក្របីរបស់គាត់ក៏ស្រែកឆោឡោហើយប្តឹងសមត្ថកិច្ចឲ្យមកពិនិត្យសកសពតែម្តង ។

ក្រោយមកសមត្ថកិច្ចជំនាញទៅដល់បានពិនិត្យនិងធ្វើកោសល្យវិច្ច័យ បញ្ជាក់ឲ្យដឹងថា សពស្លាប់ដោយសារធ្វើអត្តឃាតចង.កប្រាកដមែនហើយបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សហការី