ព័ត៌មានទាន់ហេតុការណ៍៖

ខឹងឪពុកស្តីបន្តោសកុំឲ្យផឹកស្រាយកកែបកង់វាយក្បាលឪពុករបួសដេរ៥ថ្នេរ

ភ្នំពេញ៖ កូនប្រុសម្នាក់ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពយកកែបកង់ទៅវាយក្បាលឪពុកបង្កើតបណ្តាលឲ្យរងរបួសដេរ៥ថ្នេរ ព្រោះតែខឹងនឹងឪពុកស្តីបន្តោសតិចតួចរឿងកុំឲ្យផឹកស្រា។

ករណីឃាត់ខ្លួនកូនអកត្តញ្ញូខាងលើនេះ កាលពីវេលាម៉ោង១៧ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្ទះសង់ថ្មី ផ្លូវលំ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សែម ធំ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរត់ម៉ូតូឌុប ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវលំ ក្រុម៤ ភូមិរោងចក្រ សង្កាត់ភ្នំពេញ។

ចំណែកឪពុកបង្កើតដែលរងរបួសនោះមានឈ្មោះ សោ ផាន ភេទប្រុស អាយុ៦៨ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុននឹងឃាត់ខ្លួនជនសង្ស័យខាងលើ គឺដោយសារមានបណ្តឹងពីជនរង(ជាឪពុក) បានរាយការណ៍មកថា កូនប្រុសបង្កើតរបស់គាត់វាយគាត់ឲ្យរងរបួស។

NKD-36x6_outline

តាមការរៀបរាប់របស់ជនរងគ្រោះដែលជាឪពុកបង្កើតបានឲ្យដឹងថា មុនពេលកើតហេតុកូនប្រុសគាត់បានផឹកស្រាស្រវឹងតាំងពីព្រឹករហូតដល់ល្ងាច ឃើញដូចនេះ រូបគាត់បានស្តីបន្តូសថា កុំឲ្យផឹកសុីតទៅទៀត ពេលនោះស្រាប់តែកូនអកត្តញ្ញូនោះបានទាញ់យកកែបកង់មកវាយក្បាលរបស់គាត់បណ្តាលឲ្យរងរបួសបែកក្បាលដេរ៥ថ្នេរ ទើបគាត់បណ្តឹងឲ្យសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថារូបគេពិតជាបានវាយឪពុកបង្កើតឲ្យរបួសពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាការចាត់ការបន្តតាមផ្លូវច្បាប់៕ តុង សីហា