ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តស្វាយរៀងអបអរសាទរកីឡាករ កីឡាការិនី ទទួលបានលទ្ធផលមេដាយសរុប២១ជូនខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ លោក ហែមពិសិដ្ឋ អភិបាលរងខេត្តតំណាងលោក ម៉ែនវិបុលអភិបាលខេត្តស្វាយរៀង រួមជាមួយថ្នាក់ដឹកនាំខេត្តុ មន្ទីរអប់រំយុវជន និងកីឡាខេត្ត-ស្រុក និងក្រុមយុវជន សសយក.ខេត្តស្វាយរៀងបានមកទទួលដំណើនិវត្តន៍នៃប្រតិភូកីឡាជាតិលើកទី២ របស់ខេត្តស្វាយរៀង ដែលទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់នៅរាជធានីភ្នំពេញ ជូនដល់ខេត្តស្វាយរៀង ។

បន្ទាប់មកលោក ហែមពិសិដ្ឋ អភិបាលរងខេត្តតំណាងអភិបាលខេត្តស្វាយរៀងបានថ្លែងនូវការកោតសរសើរ និងមានមោទនភាពយ៉ាងខ្លាំងដល់ប្អូនៗកីឡាករ កីឡាការិនី ដែលបានខិតខំប្រឹងប្រែងប្រកួតអស់ពីសមត្ថភាពរៀងៗខ្លួន គ្រប់វិញាសារទាំងអស់នៅក្នុងការប្រកួតកីឡាជាតិលើកទី២នេះ រហូតទទួលបានជោគជ័យ និងបានដណ្ដើមបានមេដាយត្រឡប់មកខេត្តស្វាយរៀងវិញ យ៉ាងត្រចះត្រចង់នឹកស្មានមិនដល់។

លោកបន្តទៀតថា សូមប្អូនៗកីឡាករទាំងអស់ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ទោះបីវិញាសារខ្លះមិនទទួលបានជោគជ័យក៏ដោយមិនតែប៉ុណ្ណោះ សូមប្អូនៗកុំអាក់អន់ស្រពន់ចិត្ត និងបាក់ទឹកចិត្តព្រោះកីឡាគឺមានឈ្នះមានចាញ់ជារឿងធម្មតាហើយនៅឆ្នាំខាងមុខទៀតត្រូវបន្តខិតខំដណ្ដើមមេដាយបន្ថែមទៀតមិនថា វិញ្ញាសារអ្វីក៏ដោយដើម្បីមុខមាត់ខេត្តស្វាយរៀងទាំងមូលផងដែរ ។

សូមបញ្ជាក់ថា ពិធីអបអរសាទរទទួលកីឡាករខេត្តស្វាយរៀងនាព្រឹកនេះ ក៏មានការចូលរួមទទួលពីសំណាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិ្ស តាមសាលានានានៅតាមបណ្តោយផ្លូវជាតិផងដែរ ស្ថិតក្រោមទិដ្ឋភាពសប្បាយរីករាយ និងមោទនភាពក្រៃលែងដែលប្រតិភូកីឡា និងថ្នាក់ដឹកទាំងអស់បានខិតខំប្រឹងប្រែងរហូតបានមេដាយជូនដល់ខេត្តស្វាយរៀង ក្នុងព្រឹត្តិការណ៍កីឡាជាតិ ។

គូរបញ្ជាក់ថា ពិធីទទួលដំណើរនេះបានហែក្បួននេះ គឺចាប់ឃុំក្រោលគោ ស្រុកស្វាយជ្រុំ តាមបណ្តោយផ្លូវជាតិលេខ១ រហូតដល់ទីរួមខេត្តស្វាយរៀងជុំវិញផ្សារវាលយន្ត និងផ្លូវជាតិក្នុងក្រុងជាចុងបញ្ចប់ចូលមន្ទីរអប់រំ និងយុវជនខេត្តយ៉ាងសប្បាយរីករាយ ៕ យឹម សុថាន