ព័ត៌មានទាន់ហេតុការណ៍៖

ខំប្រឹងកាច់កម៉ូតូបានសម្រេចតាំងពីស្រុកបាទី ជិះមកដល់ខណ្ឌដង្កោជាប់ខ្នោះល្មម

ភ្នំពេញ ៖ ​ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងសមត្ថកិច្ចស្រុកបាទី បានឃាត់ខ្លួនសង្ស័យពីរនាក់ ដែលធ្វើសកម្មភាពកាច់កម៉ូតូរបស់ប្រជាពលរដ្ឋ​បានសម្រេច​ កាលពីវេលាម៉ោង​ ១១និង៣០នាទី​ព្រឹក ថ្ងៃពុធ ១០រោជ ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិសេរីសម្បត្តិ​ ឃុំពន់សរ​ ស្រុកបាទី​ ខេត្តតាកែវ​ ។

សមត្ថកិច្ចបានឲ្យដឹងថា​ ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ​ ធាង​ ឡោ​ ភេទស្រី​ អាយុ​៥០ឆ្នាំ​ ។ ចំណែកជនសង្ស័យទាំងពីរនាក់ទី១​ ឈ្មោះ​ ជួន​ វិច្ច័យ​ អាយុ​ ២៣​ ឆ្នាំ​ ស្នាក់នៅតាខ្មៅ​ មានស្រុកកំណើតខេត្តកំពង់ចាម​ ទី២ ឈ្មោះ​ វុធ​ រស្មី​ អាយុ​១៨ឆ្នាំ​ ស្នាក់នៅភូមិត្រពាំងថ្លឹង​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិសែនជ័យ​ ។

សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុ ជនសង្ស័យទាំងពីរនាក់បានជិះម៉ូតូមួយគ្រឿងឌុបគ្នាមកឈប់ធ្វើសកម្មភាពកាច់កម៉ូតូម៉ាក សេ១២៥​ ពណ៌ខ្មៅ​ ដែលម្ចាស់ចតទុកនៅមុខផ្ទះបានសម្រេចហើយព្យាយាមជិះគេច តាមបណ្តោយផ្លូវជាតិលេខ២​ ឆ្ពោះឡើងមកភ្នំពេញ​ តែត្រូវបានកម្លាំងសមត្ថកិច្ចស្រុកបាទីសហការជាមួយសមត្ថកិច្ចខណ្ឌដង្កោ​ ធ្វើការដេញចាប់រហូតមកដល់ចំណុចភូមិព្រែកតាតាំង​ សង្កាត់ព្រែកកំពិស​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ជនសង្ស័យបានផ្តួលម៉ូតូរួចរត់តាមវាលស្រែក៏កម្លាំងឡោមព័ទ្ធចាប់បានភ្លាមៗយកមកកាន់ទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពិស​ដើម្បីសាកសួរ ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដង្កោធ្វើឯក​សារប្រគល់ឲ្យកម្លាំងនគរបាលស្រុកបាទីដើម្បីបន្តនីតិវិធី​ ៕ ភារ៉ា ដង្កោ