ព័ត៌មានទាន់ហេតុការណ៍៖

ខ្ចីម៉ូតូគេជិះដើរលេងមួយភ្លែង បែរជាកាច់ចង្កូតចូលកន្លែងបញ្ចាំបានលុយស៊ីចាយអស់

ភ្នំពេញ៖ យុវជនម្នាក់បានប្រើល្បិចខ្ចីម៉ូតូគេជិះដើរលេង តែបែរជាយកទៅបញ្ចាំបានលុយសុីចាយអស់ ហើយព្យាយាមគេចខ្លួនបាន១ថ្ងៃ ម្ចាស់ម៉ូតូឃើញចាប់ប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់។

ករណីនេះកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប៉ូលិសបានប្រាប់ភ្នាក់ងារយកព័ត៌មាននគរវត្តថា៖ ជនសង្ស័យមានឈ្មោះ ម៉ាក់ សុវណ្ណច័ន្ទសារះ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំណែកដើមបណ្តឹងមានឈ្មោះ វៃ សុមនា ភេទស្រី អាយុ២២ឆ្នាំ មុខរបរធ្វើការក្រុមហ៊ុន ស្នាក់នៅផ្លូវលំ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោក ដួង វណ្ណះ នាយនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាងបានឲ្យនគរវត្តដឹងថា៖ ការឃាត់ខ្លួនជនសង្ស័យខាងលើ បន្ទាប់ពីជនរងគ្រោះបានចាប់ជនសង្ស័យយកមកប្រគល់ឲ្យសមត្ថកិច្ច ដើម្បីសាកសួរហើយចោទពីបទ(រំលោភលើទំនុកចិត្ត)។

NKD-36x6_outline

ប្រភពពីនារីឈ្មោះ វៃ សុមនា អាយុ២២ឆ្នាំដែលជាជនរងគ្រោះបានបណ្តឹងប្រាប់សមត្ថកិច្ចថា៖ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ ជនសង្ស័យឈ្មោះ ម៉ាក់ សុវណ្ណច័ន្ទសារះ ដែលជាមនុស្សស្គាល់គ្នាបានមកខ្ចីម៉ូតូរបស់នាង ម៉ាកធូដេ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 1DE6411 ជិះដើរលេងមួយភ្លែត ពេលនោះនាងក៏ព្រមឲ្យខ្ចី ក្រោយមកក៏បាត់រហូតមិនឃើញជនសង្ស័យយកម៉ូតូមកសងវិញ លុះដល់យប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ នាងនិងក្រុមគ្រួសារបាននាំគ្នាដើររក ស្រាប់តែឃើញជនសង្ស័យកំពង់ឈរនៅតាមផ្លូវម្តុំណាហ្គាវើល ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក៏នាំខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍គោកឃ្លាងតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានខ្ចីម៉ូតូពីនារីរងគ្រោះយកទៅបញ្ចាំបានលុយចាយអស់ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកាចាត់ការបន្ត៕  តុង សីហា