ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ខ្ចីម៉ូតូគេយកទៅបញ្ចាំបានលុយយកទៅចាយអស់គេចខ្លួនបាន៧ថ្ងៃម្ចាស់ម៉ូតូឃើញចាប់ឃាត់ឲ្យសមត្ថកិច្ច

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវជនរងគ្រោះជាម្ចាស់ម៉ូតូប្រទះឃើញចាប់ប្រគល់ឲ្យសមត្ថកិច្ចក្រោយពីរូបគេបានខ្ចីម៉ូតូពីកូនប្រុសរបស់គាត់១គ្រឿងម៉ាកហុងដាសេ១២៥ សេរីឆ្នាំ២០១៦ យកទៅបញ្ចាំហើយបានលុយយកទៅសុីចាយអស់រួចគេចខ្លួនបាន៧ថ្ងៃ ។

ករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងរត់ដេញចាប់ទាំងនគរបាល និងកម្លាំងកងរាជ អាវុធហត្ថ កាលពីថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១១ និង១០នាទីព្រឹកនៅក្នុងផ្សារដីហុយ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខហើយក៍ត្រូវកម្លាំងអាវុធហត្ថចាប់បាននាំខ្លួនទៅសាកសួរ ។

ម្ចាក់ម៉ូតូឈ្មោះ សែស សិទ្ធ ភេទប្រុសអាយុ ៣៩ឆ្នាំមុខរបរ លក់ដូរស្នាក់នៅភូមិសែនសុខ២សង្កាត់ឃ្មួញខណ្ឌសែនសុខ ។ ចំណែក ជនសង្ស័យឈ្មោះ រិទ្ធ សីហា ភេទប្រុសអាយុ២៥ឆ្នាំមុខរបរមិនពិតស្នាក់នៅបន្ទប់ជួលនៅភូមិច្រេសសង្កាតើគោកឃ្លាងខណ្ឌសែនសុខ ។

ប្រភពពីជនរងគ្រោះបានឲ្យដឹងថា កាលពី៧ថ្ងៃកន្លងទៅកូនប្រុសរបស់គាត់បានជិះម៉ូតូ ១គ្រឿងម៉ាកហុងដា សេ១២៥ សេរីឆ្នាំ២០១៦ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1FU-1972មកលេងបន្ទប់ជួលរបស់ជនសង្ស័យស្នាក់នៅក្នុងភូមិជ្រេស សង្កាត់គោកឃ្លាងខណ្ឌសែនសុខពេលនោះជនសង្ស័យបានប្រើល្បិចខ្ចីម៉ូតូទៅមើលប្រពន្ធឈឺពោះពេលនោះកូនប្រុសគាត់ក៍ឲ្យសោម៉ូតូទៅជនសង្ស័យ ។ ពេលបានម៉ូតូហើយជនសង្ស័យក៍ជិះចេញទៅបាត់រហូតមិនឃើញយកមកសងវិញពេលនោះគាត់បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាងរួចហើយដើម្បីឲ្យសមត្ថកិច្ចជួយស្វែងរក ។ លុះនៅថ្ងៃកើតហេតុជនរងគ្រោះក៍ប្រទះឃើញជនសង្ស័យកំពង់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ សេរី២០១០ នៅតាមផ្លូវចំណុចកើតហេតុខាងលើពេលនោះគាត់ ក៍ហៅឲ្យជនសង្ស័យឈប់ដើម្បីសួរនាំ ស្រាប់តែជនសង្ស័យព្យាយាមបើកម៉ូតូរត់ ទើបគាត់ស្រែកថាចោរៗឲ្យគេជួយ ភ្លាមនោះជនសង្ស័យបានផ្តួលម៉ូតូចោល រត់ចូលក្នុងផ្សារដីហុយ ហើយកម្លាំងអាវុធហត្ថដែលកំពង់ល្បាតនៅក្បែនោះឃើញ និង ពលរដ្ឋ ជួយដេញតាមចាប់ខ្លួនបានតែម្តង ។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានខ្ចីម៉ូតូពីជនរងគ្រោះ យកទៅបញ្ចាំនៅម្តុំឃ្លាំរំសេវសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោកពិតប្រាកដមែនដោយបានលុយចំនួន៣០០ដុល្លាយកមកសុីចាយអស់ហើយ ។

បច្ចុប្បន្នជនសង្ស័យកំពង់ឃាត់ខ្លួនបណ្តោះអាសន្ននៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅកាន់ទីបញ្ជារដ្ឋានកងរាជអាវុធរាជធានីភ្នំពេញចាត់ការតាមនិិតិវិធីបន្តចំណែកម៉ូតូជនសង្ស័យដែលផ្តួលចោលនោះកំពង់ស្ថិតនៅកន្លែងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី ។ ព្រោះនៅពេលដេញចាប់ជនសង្ស័យកម្លាំងអាវុធហត្ថខណ្ឌសែនសុខចាប់បានជនសង្ស័យចំណែកនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីចាប់វត្ថុតាងគឺម៉ូតូជនសង្ស័យ ។ បានន័យថាប៉េអឹបចាប់បានមនុស្សនគរបាលចាប់បានម៉ូតូ ៕ តុង សីហា