ព័ត៌មានទាន់ហេតុការណ៍៖

ខ្មាន់កាំភ្លើងបាញ់ប្រហារទៅលើស្ថានទូតអាមេរិកនៅទួរគី

ខ្មាន់កាំភ្លើងបានជិះរថយន្ត រួចបាញ់ជាច្រើនគ្រាប់ចូលទៅកាន់ស្ថានទូតអាមេរិកនៅទីក្រុងអង់ការ៉ាប្រទេសទួរគី ប៉ុន្តែមិន បណ្តាលឲ្យមានអ្នកស្លាប់ឬរងរបួសនោះឡើយ។ ជនដៃដល់ បានគេចខ្លួនបាត់តាម រថយន្តពណ៌ស ។ ការបាញ់ប្រហារខាងលើកើតឡើងនៅព្រឹកថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៨ ។

ប៉ូលិសនៅក្នុងតំបន់បានឲ្យដឹងថា ការបាញ់ប្រហារខាងលើកើតឡើង នៅ វេលាម៉ោង ៥ព្រឹកថ្ងៃទី ២០ខែសីហា ។ ការបាញ់ប្រហារនោះបណ្តាលឲ្យ កញ្ចក់ ទ្វារមួយចំនួនបែកខ្ទេចផងដែរ។ សំបក គ្រប់ក៏ត្រូវបានគេរកឃើញនៅកន្លែងកើតហេតុ។

ស្ថានទូតអាមេរិកគ្រោងនឹងបិទទ្វារ នៅក្នុងសប្តាហ៍នេះ ទៅតាមប្រក្រតិទិន ឈប់សម្រាក រួមនៅក្នុងពិធី បុណ្យEid Al Adhaរបស់ជនជាតិអ៊ិស្លាម ។ ស្ថានទូត អាមេរិកនៅទីក្រុងអង់ការ៉ា និងស្ថានកុង ស៊ុលនៅទីក្រុង អីុស្តង់ប៊ូល គឺជាគោលដៅនៃការវាយប្រហាររបស់ខ្មាន់កាំភ្លើង។

ការបាញ់ប្រហារខាងលើកើតឡើងក្នុងពេលដែល ទំនាក់ទំនងរវាងអាមេរិកនឹងទួរគីប្រឈមមុខតានតឹងដាក់គ្នា ក្នុងវិស័យ ពាណិជ្ជកម្ម ដំឡើងពន្ធដាក់គ្នាទៅវិញ ទៅមក ។ ការប្រឈមមុខដាក់គ្នាបានធ្វើឲ្យប្រាក់ទួរគីធ្លាក់ចុះយ៉ាងខ្លាំង ។

ក្នុងពេលនេះពលរដ្ឋទួរគី បាននាំគ្នា បំផុសបំផុលពលរដ្ឋឲ្យឈប់ប្រើប្រាស់ ផលិតផលរបស់អាមេរិក ក្នុងនោះមាន ទូរស័ព្ទដៃ Iphoneជាដើម ។ មិនតែ ប៉ុណ្ណោះ ពលរដ្ឋ ទួរគីជាច្រើនបានវាយកម្ទេចទូរស័ព្ទចោលទៀតផង ៕ ម៉ែវ សាធី