ព័ត៌មានទាន់ហេតុការណ៍៖

ខ្យល់កន្រ្តាក់ បំផ្លាញផ្ទះប្រជាពលរដ្ឋអស់៣ខ្នង នៅសង្កាត់ជ្រាវ ក្រុងសៀមរាប

ខេត្តសៀមរាប៖ ផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានខ្យល់កន្រ្តាក់ បោកបក់ បណ្តាលឲ្យ ខូចខាត កាលពីម៉ោង១១ព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨។

មន្ត្រីមូលដ្ឋានបានប្រាប់ភ្នាក់ងារព័ត៌មានឲ្យបានដឹងថាលំនៅឋានរបស់ប្រជាពលរដ្ធ ដែលរងការខូចខាតផ្ទះ ទីមួយ ម្ចាស់ផ្ទះឈ្មោះ អ៊ុន ទូច ភេទស្រី អាយុ៥៧ឆ្នាំ របើកដំបូលក្បឿង និងសំយ៉ាបមុខ ខូចខាត៤០ភាគរយ។ ម្ចាស់ផ្ទះទីពីរ ឈ្មោះ លី ម៉េង ភេទប្រុស អាយុ៤៣ឆ្នាំ របើកដំបូលអស់៧០ភាគរយ និងធ្វើឲ្យរបួសបែកក្បាលកូនស្រីម្នាក់អាយុ៤ឆ្នាំ ត្រូវបានម្តាយក្មេងរងគ្រោះ ដឹកទៅសង្គ្រោះនៅមន្ទីពេទ្យ ។ ម្ចាស់ផ្ទះទីបី មិនបានស្គាល់ម្ចាស់ទេ ព្រោះជាផ្ទះដែលចាក់សោទុកចោលខូចដំបូលប្រហែ៣០ភាគរយ។

សូមបញ្ជាក់ដែលរថាក្នុងរដូវនេះ គឺជារដូវភ្លៀង ហេតុនេះ មន្ត្រីមូលដ្ធានសូមផ្តាំផ្ញើឲ្យពលរដ្ធទាំងអស់មានការប្រុងប្រយ័ត្ន ចំពោះហេតុការណ៍ពេលមេឃរកភ្លៀង គឺអាចមានខ្យល់ នឹងរន្ទះកើតឡើងគ្រប់ពេល ៕ ប៊ុនរិទ្ធី