ព័ត៌មានទាន់ហេតុការណ៍៖

ខ្យល់រលកខ្លាំងបណ្តាលឲ្យក្រឡាប់លិចផ្ទះបណ្ដែតទឹកមួយខ្នងនៅឃុំផាត់សណ្តាយ

ខេត្តកំពង់ធំ៖ ខ្យល់រលកខ្លាំងបណ្តាលឲ្យក្រឡាប់លិចផ្ទះ១ខ្នង ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និ៣០នាទី ថ្ងៃសៅរ៍ ១៣កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅភូមិកំពង់ចម្លង ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ សុំ ពុធ ភេទប្រុស អាយុ ៦០ឆ្នាំ ផ្ទះទំហំ៩ម៉ែត្រគុណ៣.៥០ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងស្លឹក នៅភូមិកំពង់ចម្លង ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ។

ហេតុការណ៍នេះខូចខាតសម្ភារក្នុងផ្ទះទាំងស្រុង រួមមាន ប្រាក់រៀលចំនួន៣៨ម៉ឺនរៀល, អង្ករចំនួន២០គីឡូក្រាម, ម៉ាស៊ីនសាំង(កាណូត)ចំនួន០១គ្រឿង, មងចំនួន៥០ដៃ, អាគុយចំនួន២គ្រឿង និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនធំ ។

ក្រោយកើតហេតុសមត្ថកិច្ចចុះជួយអន្ដរគមន៍ជួយស្រង់បានរបស់របរមួយចំនួន ដោយពុំមានគ្រោះថ្នាក់ដល់ជីវិតមនុស្សនោះទេ ៕ ប៊ុនរិទ្ធី