ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ខ្លាចលោកខាងលិចឈ្លានពាន អីុរ៉ង់ទិញអាវុធបន្ថែមដើម្បីការពារខ្លួន

ប្រទេសលោកខាងលិច ក្នុងនោះមាន អាមេរិក អីុស្រាអែល រួមទាំងសាវឌីអារ៉ាប៊ី ផងដែរ តែងតែមានបំណងចង់កម្ចាត់អីុរ៉ង់ចេញពីមជ្ឈិមបូព៌ា ដោយសារអីុរ៉ង់ ជាប្រទេស ដែលតែងតែរារាំង នូវគោលនយោបាយ គ្រប់គ្រងតំបន់មជ្ឈិមបូព៌ារបស់ប្រទេសលោកខាងលិច។

នៅពេលនេះប្រធានាធិបតីអុីរ៉ង់ លោក ហាហ្សាន់ រូហានី បាននិយាយថា អុីរ៉ង់នឹង ផលិត ក៏ដូចជាទិញអាវុធបន្ថែមដើម្បីការពារខ្លួនឯង ប្រឆាំងនឹងការឈ្លានពានណាមួយពីសំណាក់មហាអំណាច។ ទោះបីមិនបានបញ្ជាក់ចំៗថាមហាអំណាចមួយណា តែគេដឹងយ៉ាងច្បាស់ថាលោករូហានី ចង់សំដៅទៅលើសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៨ ខែមេសា ឆ្នាំ២០១៨។

លោក រូហានី ធ្វើការកត់សម្គាល់ បែបនេះ នាឱកាសចូលរួមទស្សនាការធ្វើព្យុហយាត្រាយោធាមួយកាលពីថ្ងៃពុធ ទី១៨ ខែមេសា ក្នុងទីក្រុង តេអេរ៉ង់។ ថ្លែងនាឱកាសនោះ ប្រធានាធិបតីអុីរ៉ង់រូបនេះបានលើកឡើងដូច្នេះថា៖«យើងសូមប្រាប់ពិភពលោកថាយើងនឹងផលិត ព្រមទាំងទិញអាវុធបន្ថែមដែលយើងត្រូវការដោយមិនចាំបាច់សុំការអនុញ្ញាតពីនរណាម្នាក់ឡើយ…ហើយយើងសូមប្រាប់អ្នក ជិតខាង ទាំងឡាយរបស់យើងថាអាវុធទាំងនោះមិនទុកប្រឆាំងនឹងពួកគេនោះទេ ប៉ុន្តែគឺទុកការពារខ្លួនប្រឆាំងនឹងការឈ្លានពានពីមហាអំណាច»។

សូមជម្រាបថា ការលើកឡើងរបស់ លោក ហាហ្សាន់ រូហានី ធ្វើឡើងនៅចំ ពេលដែលស្ថានភាពនៅក្នុងតំបន់កំពុង តានតឹងខ្លាំងក្រោយ សហរដ្ឋអាមេរិក អង់គ្លេស និងបារាំង បើកការវាយប្រហារដោយគ្រាប់មីស៊ីលលើមូលដ្ឋានមួយចំនួនរបស់យោធាស៊ីរី ដែលជាសម្ពន្ធ មិត្តរបស់ អុីរ៉ង់ ដោយសារតែរឿងអាវុធគីមី។ មិនតែ ប៉ុណ្ណោះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានព្រមានដែរថាទីក្រុងវ៉ាស៊ីនតោន នឹងបើកការវាយប្រហារសាជាថ្មី បើសិនជារបបដឹកនាំទីក្រុងដាម៉ាស់ នៅតែ បន្តប្រើប្រាស់អាវុធគីមី៕ ម៉ែវ សាធី