ព័ត៌មានទាន់ហេតុការណ៍៖

ខ្លាចាស់Zlatan Ibrahimovicកំពុងតែធ្វើឲ្យអ្នកគាំទ្របាល់ទាត់នៅអាមេរិកភ្ញាក់ផ្អើលខ្លាំង

ខ្សែប្រយុទ្ធជើងចាស់ Zlatan Ibrahimovic រកបាន២គ្រាប់ក្នុងការបង្ហាញ ខ្លួនជាលើកដំបូងជាមួយនឹងក្លិបថ្មី LA Galaxy នៅក្នុងទឹកដីសហរដ្ឋអាមេរិក។

នៅក្នុងការប្រកួតនោះក្រុម LA Galaxyត្រូវបានគូប្រកួត Los Angeles FC នាំមុខ៣ទល់នឹង០មុននៅវគ្គទីមួយដែលស៊ុតបាល់បញ្ចូលទីដោយ Vela នៅនាទីទី៥ និងនាទីទី២៦ ហើយមួយគ្រាប់ទៀតជាការធ្វើឲ្យចូលទីខ្លួនឯងរបស់ Steres។ ចំណែកកីឡាករ Zlatan Ibrahimovic នៅជាកីឡាករ បម្រុងនៅឡើយ។

ពេលការប្រកួតឈានចូលដល់តង់ទី២នៅនាទីទី៦១ក្រុមម្ចាស់ផ្ទះអាចរកបានមួយគ្រាប់ វិញដោយកីឡាករ Lletget ហើយកីឡាករ Pontius បានបន្ថែមមួយគ្រាប់ទៀតនៅនាទីទី៧៣។ ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកគាំទ្របាល់ទាត់ភ្ញាក់ផ្អើលខ្លាំងនោះគឺខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំ Zlatan Ibrahimovic ដែលបានចូលលេងពេលសល់២០នាទីមុនចប់ការប្រកួត បានស៊ុតបាល់ពីចម្ងាយយ៉ាងល្អឥតខ្ចោះឲ្យក្រុម LA Galaxy តាមស្មើនៅនាទីទី៧៧ មុនពេលបន្ថែម១គ្រាប់ទៀតនៅម៉ោងបន្ថែម៩០+១ ជួយឲ្យក្រុម LA Galaxy ឈ្នះការប្រកួតនេះ។

អតីតកីឡាកររបស់ក្លិបបិសាចក្រហមរូបនេះបាននិយាយក្រោយការប្រកួតចប់ថា “ខ្ញុំបានឮអ្នកគាំទ្រស្រែកថា យើងត្រូវការ Zlatan យើងត្រូវការ Zlatan ។ ហេតុដូចនេះហើយ ទើបខ្ញុំបានផ្តល់ខ្លួនខ្ញុំ (Zlatan) ដែលពួកគេចង់បានទៅឲ្យពួកគេ។ ខ្ញុំបានខិតខំយ៉ាងខ្លាំង ដើម្បីរកគ្រាប់បាល់ទាំងនេះ” ៕ ដេវីត