ព័ត៌មានទាន់ហេតុការណ៍៖

ខ្លាំងពិតជាខ្លាំង! បុរសចាស់វាយក្បាលបុរសក្មេងបែក រឿងគ្រោះថ្នាក់ចរាចរណ៍តិចតួច

ភ្នំពេញ៖ បុរសវ័យចំណាស់សក់ប្រែពណ៌ទៅហើយត្រូវគេមើលឃើញថា បានធ្វើសកម្មភាពយកសោវាយទៅលើក្បាលបុរសវ័យក្មេងម្នាក់បណ្តាលឲ្យរងរបួស គ្រាន់តែរឿងគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច បើករថយន្តប៉ះពារម៉ូតូដួលប៉ុណ្ណោះ ។

ករណីនេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវលេខ១៨៣ កែងនឹងផ្លូវលេខ២១៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សាក្សីថា មុនកើតហេតុ ឡានមួយគ្រឿងបើកបរដោយបុរសវ័យក្មេងតាមបណ្តោយផ្លូវ១៨៣ ពីត្បូងទៅជើង មកដល់ចំណុចកែងផ្លូវលេខ២១៣ ស្រាប់តែប៉ះពារជាមួយម៉ូតូ១គ្រឿង ធ្វើដំណើរដោយបុរសវ័យចំណាស់ម្នាក់បណ្តាលឲ្យដួល ។ ភ្លាមនោះ ដោយមិនបង្អង់យូរ ទំនងជាខឹងខ្លាំងផងនោះ បុរសវ័យចំណាស់ក៏ហូតសោរសូឡិចចេញពីម៉ូតូរបស់ខ្លួនវាយសំពងក្បាលបុរសវ័យក្មេងដែលបើករថយន្តបង្កនោះបណ្តាលឲ្យបែកហូរឈាមព្រឿងៗតែម្តង ក្រោមក្រសែភ្នែកមនុស្សម្នាប្រុសស្រីច្រើននាក់ចោមរោមមើល។

គេគ្រប់គ្នាឆ្ងល់ថា ហេតុអ្វីគ្រាន់តែគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួចសោះ មិននិយាយគ្នា បែរជាប្រើហិង្សាទៅវិញ ។

សមត្ថកិច្ចមូលដ្ឋានក៏មិនបានបង្អង់យូរនោះទេ ក្រោយករណីនេះកើតឡើង ក៏បានចុះមកដល់ចំណុចកើតហេតុ វាស់វែង និងយកទាំងរថយន្ត ម៉ូតូ បុរសវ័យចំណាស់ និងបុរសវ័យក្មេងទៅដោះស្រាយគ្នានៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ៕ ស រស្មី

NKD-36x6_outline

បុរសវ័យចំណាស់បង្កហិង្សា គ្រាន់តែរឿងបន្តិចបន្តួច

បុរសវ័យក្មេងម្ចាស់ឡានបង្កហេតុ