ព័ត៌មានទាន់ហេតុការណ៍៖

ខ្លឹម ស្រីគា កញ្ញាឯក Miss Grand Cambodia 2017ទទួលបានការចាប់អារម្មណ៍ខ្លាំង

ភ្នំពេញ៖ កញ្ញា ខ្លឹម ស្រីគា បានបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ប្រកួតកញ្ញាឯក Miss Grand International 2017 នៅលើទឹកដីនៃប្រទេសវៀតណាម។

ក្រោយពីបានប្រកួតសម្លៀកបំពាក់បែបប្រពៃណីប្រចាំប្រទេសកាលពីយប់ថ្ងៃទី១២ តុលា ការប្រកួតកញ្ញាឯក Miss Grand International 2017 នឹងបន្តការប្រកួតលើឈុតហែលទឹក និងប្រកួតផ្នែកចំណេះដឹងបន្តទៀត មុននឹងឈានទៅដល់វគ្គផ្ដាច់ព្រ័ត្រ ។

បេក្ខនារីស្រស់ស្អាត និងពោរពេញដោយចំណេះដឹងមកពីប្រទេសនានានៅលើពិភពលោក ដោយក្នុងនោះរួមមានកញ្ញាឯករបស់កម្ពុជាផងដែរ នឹងដណ្ដើមម្កុដដែលមានតម្លៃរហូតដល់៣០ម៉ឺនដុល្លារច្នៃពីមាស និងត្បូងសុទ្ធ។ កញ្ញា ខ្លឹម ស្រីគា អាយុ ១៨ ឆ្នាំជាសិស្សមកពីរាជធានីភ្នំពេញ បានក្លាយទៅជាម្ចាស់ជ័យលាភីលេខ១គ្រងមកុដ Miss Grand Cambodia 2017។

នាងបានស្លៀកសម្លៀកបំពាក់ប្រពៃណីដែលមានឈ្មោះថា «ទេវីក្រុងកម្ពុជាធិបតី!» ដោយនាងក៏បានបង្ហាញភាពទន់ភ្លន់នៅលើវេទិកាគួរឲ្យកត់សម្គាល់ ដោយធ្វើឲ្យនាងទទួលបាននូវការលេចធ្លោរមិនធម្មតាផងដែរ នៅក្នុងវេទិកាដែលចម្រុះដោយស្រីស្អាតនាយប់នោះ។

ការប្រកួតនេះនៅមានដំណាក់កាលច្រើនទៀត ដោយការប្រកួតនឹងបន្តរហូតដល់ថ្ងៃទី២៥ តុលា ទើបបញ្ចប់ការប្រកួត ដោយការប្រកួតនោះនឹងកាន់តែមានសភាពតានតឹងសម្រាប់ស្រីស្អាតកម្ពុជា និងបេក្ខនារីទាំងអស់។

កញ្ញា ខ្លឹម ស្រីគា ត្រូវគេឃើញរំលេចសម្រស់នៅក្នុងព្រឹត្តិការណ៍នោះមិនចាញ់ស្រីស្អាតមកពីតំណាងប្រទេសផ្សេងនោះទេ បើទោះជាក្ដីសង្ឃឹមរឿងបានម្កុក និងបានតំណែងដូចជា តំណែងអ្នកស្លៀកពាក់សម្លៀកបំពាក់ប្រចាំជាតិបានស្អាតជាងគេ អ្នកស្លៀកសម្លៀកបំពាក់ហែលទឹកបានល្អជាងគេ និងអ្នកមានប្រជាប្រិយភាពជាងគេប្រចាំកម្មវិធីនៅមិនទាន់ប្រាកដក្នុងដៃ។

យ៉ាងណាមិញ ក៏ជាមោទនភាពមិនធម្មតាផងដែរ ដែល កញ្ញា ខ្លឹម ស្រីគា បានតំណាងឲ្យកម្ពុជា បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍នេះ ហើយបានប្រកួតដណ្ដើមម្កុដជាទ្រង់ទ្រាយធំ។ នេះជាការប្រកួតម្កុដMiss Grand លើកទី៥របស់ពិភពលោកដែលបានជ្រើសរើសប្រទេសវៀតណាមជាម្ចាស់ផ្ទះ ហើយត្រូវបានប្រទេសវៀតណាមជ្រើសយកកោះត្រល់ជាទីតាំងប្រកួតផ្ដាច់ព្រ័ត្រ ដើម្បីបង្អួតភ្ញៀវអន្តរជាតិ៕វឌ្ឍនា

NKD-36x6_outline