ព័ត៌មានទាន់ហេតុការណ៍៖

ខ្សិបដាក់ត្រចៀក ៖ មន្រ្តីជាន់ខ្ពស់ម្នាក់ កាងកាស៊ីណូ​កោះ​មាស​បើកទ្វារ​ចំហរ​ស្វាគមន៍​ភ្ញៀវ​ខ្មែរ​

​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ខេត្ត​ព្រះ​សីហ​នុ​លួច​ខ្សិ​ប​ប្រាប់​នគរវត្ត​ថា​ កាស៊ីណូ​កោះ​មាស​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្រុម​១៦​ ភូមិ​៤​ សង្កាត់​លេខ​៤​ ខេត្ត​ព្រះ​សីហ​នុ​ បាន​បង្ក​ការ​លំបាក​ចំពោះ​អាជ្ញាធរ​ក្នុង​ការ​បង្ក្រាប​ ក៏​ព្រោះតែ​កាស៊ីណូ​នេះ​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​,​ មន្ត្រីរាជការ​ខ្មែរ​,​ កងកម្លាំងប្រដាប់អាវុធ​ខ្មែរ​ ចូល​លេង​ដោយ​សេរី​ ដែល​កាស៊ីណូ​នេះ​ត្រូវ​គេ​ខ្សិ​ប​បន្ត​ថា​ កាង​ដោយ​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​ ។​

​ក្នុង​នាម​អ្នក​ប្រតិបត្តិ​ច្បាប់​ មិន​គួរ​ក្លាយជា​អ្នក​កាង​កាស៊ីណូ​យ៉ាង​ដូច្នេះ​ទេ​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​មន្ត្រី​នគរបាល​ជាន់ខ្ពស់​មួយ​រូប​នៅ​ខេត្ត​ព្រះ​សីហ​នុ​។​ នៅ​ទីនោះ​ គេ​ឃើញ​ពលរដ្ឋ​ខ្មែរ​ទាំង​សាច់​ ទាំង​ឈាម​ចូល​លេង​ល្បែងស៊ីសង​ដោយ​សេរី​ បើ​ទោះបីជា​ច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​បណ្តាជន​ខ្មែរ​ចូល​លេង​ល្បែងស៊ីសង​ក៏​ដោយ​។​ ប្រការ​នេះ​ត្រូវ​បាន​គេ​ខ្សិ​ប​ថា​ ដោយសារ​តែ​កាស៊ីណូ​នេះ​មាន​អ្នក​កាង​ (Gang)​ ។​

​ភាព​មានបាន​របស់​កាស៊ីណូ​កោះ​មាស​ ត្រូវ​គេ​រាយការណ៍​ថា​ ដោយសារ​តែ​ការ​អនុញ្ញាត​ឲ្យ​ខ្មែរ​ចូល​លេង​ល្បែងស៊ីសង​ ហើយ​ប្រាក់​ចំណេញ​ត្រូវ​បាន​ផ្តល់​ជូន​មន្ត្រី​ខ្មែរ​ដែល​បាន​ជួយ​កាង​កាស៊ីណូ​នេះ​ ។​ គេ​មិន​បង្ហើប​ថា​ តើ​មន្ត្រី​ថ្នាក់​ណា​ រូប​ណា​ដែល​ជា​អ្នក​កាង​កាស៊ីណូ​តាម​រយៈ​ការ​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​លេង​ដោយ​សេរី​នោះ​ទេ​៕​

IMG-20150604-WA0007