ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាកត្រចៀក ៖ លោកប្រធានមន្ទីរធម្មការ និងសាសនាខេត្តតាកែវធុំក្លិនមិនស្រួល

មន្ត្រីនៅមន្ទីរធម្មការ និងសាសនាខេត្តតាកែវ បានបង្ហើបឲ្យដឹងថា លោក ជួង វ៉ាន បានស៊ីដាច់លុយមន្ត្រីក្រោមឱវាទរបស់ខ្លួន ក្នុងនោះក៏មានមន្ត្រីជាប់កិច្ចសន្យាផងដែរ។ មន្ត្រីដដែលបានបន្តថា លោក ជួង វ៉ាន ប្រព្រឹត្តផ្ទុយពីប្រសាសន៍របស់ថ្នាក់ដឹកនាំខេត្តទៀតផង ព្រោះកន្លងទៅ អភិបាលខេត្តតាកែវបានប្រកាសព្រមានថា ប្រសិនបើមានប្រធានមន្ទីរណាមួយនៅក្នុងខេត្ត តែងតាំង ឬដាក់បញ្ចូលប្រពន្ធកូន ឬបងប្អូន របស់ខ្លួន ឲ្យធ្វើការងារក្នុងអង្គភាព លោក ឡាយ វណ្ណៈ លោកប្រកាសថា លោកនឹងដកចេញពីការងារ ហើយបើដឹងខ្លួនដើរចេញឲ្យហើយមុនទៅ ។ ប៉ុន្តែលោកប្រធានរូបនេះវិញ បន្ទាប់ពីលោកឡើងកាន់ដំណែងប្រធានមន្ទីរធម្មការ និងសាសនា បានដាក់បញ្ចូលប្រពន្ធ, បងប្អូនត្រកូល ជួង របស់លោក ប្អូនជីដូនមួយ ប្អូនថ្លៃថែមទៀត ហើយលើសពីនេះឪពុករបស់លោកក៏ធ្វើជាគ្រូជាប់កិច្ចសន្យាផងដែរ ។

ទាក់ទិននឹងករណីនេះកន្លងមកក៏ធ្លាប់មានបញ្ហាបាតុភាពជាច្រើនដូចជា រឿងយកលុយវត្ត ស៊ីដាច់លុយឈ្មោះខ្មោច ហើយបើតាមថេរៈដីកាមន្ត្រីសង្ឃ ព្រះចៅអធិការវត្ត ជាច្រើនអង្គ បានឲ្យដឹងថា អាត្មាមិនពេញព្រះទ័យ (ចិត្ត) នឹងប្រធានមន្ទីរនេះឡើយ ព្រោះមានចរិតក្រអើតក្រទម ហើយមិនសូវមានការគារវៈកិច្ច ចំពោះព្រះសង្ឃឡើយ ។

NKD-36x6_outline

លោក ជួង វ៉ាន ក៏ធ្លាប់បានលោក អ៊ុន វណ្ណា អភិបាលរងខេត្ត ហៅទៅទូន្មានម្តងរួចមកហើយដែរ ចំណែកឯអង្គភាពប្រឆាំងអំពើពុករលួយក៏ធ្លាប់ស៊ើបអង្កេតផងដែរ ។ ជាពិសេសថ្មីនេះទាក់ទងទៅនឹងរឿងព្រះអហន្តត្រាស់ដឹងនៅព្រៃកប្បាសដែលបុគ្គល ធាន វុទ្ធី កម្លាំងចំរុះចុះពិនិត្យមើល ក្នុងនោះលោក ជួង វ៉ាន បែរជាទៅទទួលលុយពី បុគ្គល ធាន វុទ្ធី ទៅវិញ ។ ទាក់ទិននឹងករណីនេះ មន្ត្រីក្នុងអង្គភាព ប្រជាពលរដ្ឋ និងព្រះសង្ឃពីគ្រប់មជ្ឈដ្ឋានបានចោទសួរថា តើចុះមើលកិច្ចការសាសនា ឬទៅទទួលសំណូក ឬមួយថាទៅធ្វើការយកលុយដូរបាយ ? សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហាខាងលើលោក ជួង វ៉ាន បានបង្ហើបឲ្យដឹងថាមន្ត្រីទាំងអស់នោះ លោកធ្លាប់មានលុយចាយដែរ តែហេតុបានជាមានរឿងបែបនេះ ៕