ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ច្រៀក ៖ ចាំមើលបទបញ្ជារបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក្នុងការបង្ក្រាបបទល្មើសនេសាទមានប្រសិទ្ធភាពឬទេ?

កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានបញ្ជាក់អំពីវិធានការបង្ក្រាបបទល្មើសនេសាទនៅក្នុងតំបន់បឹងទន្លេសាប ហើយប្រសិនបើខេត្តណានៅតែមានបទល្មើសកើតឡើងច្រើន គឺអភិបាលខេត្តនោះត្រូវប្រឈមនឹងដកហូតតំណែង។ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានព្រមានបែបនេះនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០១៨ នៅសាលាខេត្តសៀមរាប។ ប្រការនេះហើយដែលធ្វើឲ្យប្រជាពលរដ្ឋរស់នៅតាមបណ្ដាខេត្តជាប់បឹងទន្លេសាប កំពុងរង់ចាំមើលចំណាត់ការរបស់ក្រសួងមហាផ្ទៃ ចំពោះការបង្ក្រាបបទល្មើសនេសាទដែលកំពុងកើតឡើងយ៉ាងរាលដាលនៅក្នុងបឹងទន្លេសាបនៃបណ្ដាខេត្តនានា ជាពិសេសនៅក្នុងខេត្តកំពង់ធំ។

ប្រជាពលរដ្ឋរស់នៅតំបន់បឹងទន្លេសាបក្នុងខេត្តកំពង់ធំ កំពុងរង់ចាំមើលចំណាត់ការរបស់ក្រសួងមហាផ្ទៃ ក្នុងការបង្ក្រាបបទល្មើសនេសាទតើមានប្រសិទ្ធភាពឬទេ? ដោយហេតុថា បច្ចុប្បន្ននេះបទល្មើសនេសាទក្នុងតំបន់បឹងទន្លេសាបនៃខេត្តកំពង់ធំ កើតមានច្រើនជាងគេបើប្រៀបធៀបទៅនឹងខេត្តដទៃទៀតដូចជា ខេត្តសៀមរាប ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ ជាពិសេសលោក ធីវ វណ្ណធី ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ លោក ប៉ែន វណ្ណរឹទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ និងមន្ត្រីក្រោមឱវាទដូចជា ឈ្មោះ យ៉ាន់ វិសាក់ ហៅសែ និងឈ្មោះ ហ៊ុន ផល ជាដើមត្រូវបានគេដឹងថាជាមេខ្លោងនៅពីក្រោយបទល្មើសនេសាទក្នុងខេត្តកំពង់ធំ។ ប្រសិនបើថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មានឆន្ទៈពិតប្រាកដក្នុងការបង្ក្រាបបទល្មើសនេសាទក្នុងបឹងទន្លេសាបពិតមែនត្រូវចាត់វិធានការតាមច្បាប់លើក្រុមមន្ត្រីដូចរៀបរាប់ឈ្មោះខាងលើនេះផងដែរ។

NKD-36x6_outline

ការព្រមានរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ទៅលើអភិបាលខេត្តទាំងអស់ជុំវិញបឹងទន្លេសាប ត្រូវប្រឈមនឹងការដកហូតតំណែងប្រសិនបើនៅតែមានបទល្មើសនេសាទកើតឡើងច្រើន គឺជាប្រការមួយដែលអាចធ្វើឲ្យអភិបាលខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង គិតគូរឡើងវិញអំពីការបង្ក្រាបបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ប្រកបដោយប្រសិទ្ធភាព។ ប៉ុន្តែមជ្ឈដ្ឋាននានាមានការជឿជាក់តិចតួចទៅលើការព្រមានរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ព្រោះបច្ចុប្បន្នបទល្មើសនេសាទក្នុងបឹងទន្លេសាបខេត្តកំពង់ធំ កើតឡើងយ៉ាងរាលដាល ហើយក្រុមមន្ត្រីពុករលួយអាចប្រមូលលុយពីបទល្មើសនេសាទយកទៅចែកគ្នាធ្វើមានធ្វើបានយ៉ាងក្រអឺតក្រទម។

ដូច្នេះបើក្រសួងមហាផ្ទៃ មានគោលការណ៍ពិតប្រាកដក្នុងការបង្ក្រាបបទល្មើសនេសាទ គួរចាប់ផ្ដើមពីខេត្តកំពង់ធំ មុនគេព្រោះបច្ចុប្បន្ននេះបទល្មើសនេសាទក្នុងខេត្តកំពង់ធំ កំពុងកើតឡើងយ៉ាងរាលដាល ហើយមន្ត្រីរដ្ឋបាលជលផលគ្រប់លំដាប់ថ្នាក់ក្នុងខេត្តនេះ គឺជាអ្នកនៅពីក្រោយបទល្មើសដើម្បីជាថ្នូរនឹងផលប្រយោជន៍យ៉ាងងងើលតែម្តង៕