ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ កងរាជអាវុធហត្ថខំចាប់ មេព្រៃដោះលែងយកលុយ ស្រួលៗ

គេរាយការណ៍ថា ករណីកម្លាំងកងរាជអាវុធហត្ថ​ស្រុកភ្នំក្រវាញ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់​បង្ក្រាបឈើអារប្រភេទលេខ២ បានជាង១០ម៉ែត្រត្រីគុណកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ នៅភូមិគល់ទទឹង ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ហើយប្រគល់ឲ្យមេព្រៃនោះ ពេលនេះ មេព្រៃ​ផ្នែកក្រវាញជាអ្នកដោះលែង ដោយមានអន្តរាគមន៍​ពីថ្នាក់លើ ។ ប្រការនេះធ្វើឲ្យក្រុមមន្ត្រីអ្នកអនុវត្តច្បាប់ ពោលគឺកម្លាំងកងរាជអាវុធហត្ថ អស់កម្លាំង មិនចង់ធ្វើការតទៅទៀតឡើយ ។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ឈើអារលេខ២ ដែលដឹកតាមគោយន្តកន្ត្រៃ៥គ្រឿង ដែលកម្លាំងកងរាជអាវុធហត្ថចាប់ ហើយប្រគល់ឲ្យមេព្រៃប្រចាំការនៅស្រុកភ្នំក្រវាញនោះ បានធ្វើដំណើរចេញផុតពីភូមិសាស្ត្រ ខេត្តពោធិ៍សាត់ ចូលទឹកដីខេត្តកំពង់ឆ្នាំងហើយ​កាលពីវេលាយប់ ថ្ងៃទី២០ ខែសីហា ។ ប្រភពបានឲ្យដឹងថា មន្ត្រីរដ្ឋបាលព្រៃឈើប្រចាំស្រុកភ្នំក្រវាញ ដែលមានអំណាចដោះលែងឈើទាំងនោះឈ្មោះ ហង់ ប៊ុនថន នាយផ្នែករដ្ឋបាលព្រៃឈើក្រវាញស្តីទី ។ ប្រភពបានឲ្យដឹងថា គោយន្តកន្ត្រៃត្រូវបានដោះលែងកាលពីព្រលប់ថ្ងៃទី២០ ខែសីហា ហើយ​ឈ្មួញបានដឹកនាំក្បួនគោយន្តកន្ត្រៃនោះ ឆ្លងកាត់ទឹកដីខេត្តពោធិ៍សាត់ចូលខេត្តកំពង់ឆ្នាំងកាលពីយប់ថ្ងៃទី២០ ខែសីហា ។

ប្រភពរាយការណ៍ថា មួយរយៈចុងក្រោយនេះ សកម្មភាពនៃការកាប់ និងដឹកជញ្ជូនឈើនៅខេត្តពោធិ៍សាត់​បានកើនឡើង​គួរឲ្យកត់សម្គាល់ ។ ក្នុងនោះកម្លាំងកងរាជអាវុធហត្ថទាំងថ្នាក់ខេត្ត និងថ្នាក់ស្រុក បានដុតដៃដុតជើង​ប្រឹងបង្ក្រាបយ៉ាងខ្លាំងក្លាដែរ ប៉ុន្តែទីបំផុតទៅ ឈ្មួញនៅតែអាចយកឈើដែលបង្ក្រាបនោះចេញពីមូលដ្ឋានខេត្តពោធិ៍សាត់​បានដដែល ។ ជាក់ស្តែងករណីខាងលើ មន្ត្រី​រដ្ឋបាលព្រៃឈើប្រចាំស្រុកភ្នំក្រវាញ​មានអំណាចដោះលែងគោយន្តកែច្នៃដឹកឈើ​៥គ្រឿង ដោយមិនខ្លាចញញើត​សមត្ថកិច្ចកងរាជអាវុធហត្ថដែលខំបង្ក្រាបនោះឡើយ ។ គេមិនដឹងថា តើករណីនេះ ថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្ត ក៏ដូច​ជារដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់បានជ្រាបដែរឬយ៉ាងណានោះទេ ៕