ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ កម្មកររថភ្លើង​មិនទាន់បើកប្រាក់ខែ

កម្មកររថភ្លើងស្ថិតក្រោម​ក្រុមហ៊ុន ថូល រហូតមកដល់សប្តាហ៍ទី៣ នៃខែតុលា មិនទាន់បើកប្រាក់បៀវត្សរ៍​នៅឡើយ នៅគ្រាដែលប្រាក់បៀវត្សរ៍ ខែកញ្ញា ត្រូវបានគេបើកឲ្យតែត្រឹមពាក់កណ្តាល ។ ការយឺតយ៉ាវ​នៃការបើកប្រាក់បៀវត្សរ៍ របស់ក្រុមកម្មករ មន្ត្រីរាជការនៃអង្គភាព រាជាយស្ម័យាន​កម្ពុជា បានញាំងឲ្យមានការជជែកគ្នា និងរអ៊ូរទាំពីក្រុមបុគ្គលិក កម្មករនៅក្នុងអង្គភាពនេះ​មិនឈប់មិនឈរ តាំងពីចុងសប្តាហ៍មុន ។

នៅតាមរោងកាហ្វេ ដែលក្រុម​បុគ្គលិកកម្មករនៅអង្គភាពរថភ្លើង តែងតែជួបជុំគ្នា បានខ្សឹបខ្សៀវអំពីការយឺតយ៉ាវនេះ ហើយថា ពួកគេក៏មិនដឹងអំពីមូលហេតុនៃការយឺតយ៉ាវ ក្នុងការ​បើកប្រាក់ខែជូនពួកគាត់នោះដែរ ។ ក្រុមបុគ្គលិកកម្មករ អះអាងថា ក្រុមហ៊ុន ថូល ជាបុត្រសម្ព័ន្ធ​ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលបានវិនិយោគ​លើវិស័យដឹកជញ្ជូន​តាមរថភ្លើង ។ ពួកគេធ្វើការមិនសម្រាកនោះឡើយ ដើម្បី​ជំរុញដំណើរការនៃការដឹកជញ្ជូន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។ ប៉ុន្តែប្រាក់បៀវត្សរ៍ ហាក់ដូចជាមិនរត់ឲ្យស្របទៅតាមការប្រឹងប្រែងរបស់ពួកគាត់ឡើយ ។

គេមិនដឹងថា ការយឺតយ៉ាវ​ក្នុងការបើកប្រាក់បៀវត្សរ៍ មន្ត្រីរាជការ បុគ្គលិកកម្មករ នៅអង្គភាពរថភ្លើង ចំណុះឲ្យ​ក្រុមហ៊ុនរ៉ូយ៉ាលគ្រុប ដែលយឺតយ៉ាវនោះបណ្តាលមកពីមូលហេតុអ្វីឡើយ ។ មកពីក្រុមហ៊ុនខាងលើ (រ៉ូយ៉ាល់គ្រុប)ឬមួយក៏មន្ត្រី​នៅ​ក្រុមហ៊ុន ថូល ធ្វើឲ្យយឺតយ៉ាវនោះទេ ។ ជួនកាលក្រុមហ៊ុនបានទម្លាក់លុយមកហើយ ប៉ុន្តែមន្ត្រីមួយចំនួន​ធ្វើឲ្យមានបញ្ហា ។ ក្រុមកម្មកររថភ្លើងនិយាយថា ករណីយឺតយ៉ាវគួរតែមានការដោះស្រាយ​ឲ្យបានឆាប់រហ័ស ពីព្រោះបុគ្គលិកកម្មករ​ពួកគេធ្វើការមួយខែ ដើម្បីរស់មួយខែ ៕