ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ កាំកុងត្រូល​លេងល្បិចវាយស្មៅបង្អើលពស់

ក្រោយពេលលោករដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្មមានប្រសាសន៍អំពីបញ្ហាប្រេងសាំង​ អ្នកមាន អ្នកក្រយ៉ាងណានោះ ស្រាប់តែធ្លាយរឿង​មន្ត្រីកាំកុងត្រូលនៃក្រុម​អ្នកដែលមានសមត្ថកិច្ច​ចុះពិនិត្យ​គុណភាព និងបរិមាណរង្វាស់រង្វាល់ប្រេ​ង​តាមស្ថានីយប្រេងឥន្ធនៈ​ប្រព្រឹត្តអំពើពុករលួយដោយប្រើវិធីវាយស្មៅបង្អើលពស់ ។ ដូចដែលប្រជាពលរដ្ឋចោទសួរថា នៅកម្ពុជាសព្វថ្ងៃ តើប្រជាពលរដ្ឋអាចទៅរកស្ថានីយប្រេងឯណាដែលលក់ប្រេងគ្រប់ចំណុះ និងមិនកេងបន្លំគុណភាព ។ សំណួរនេះ មានតែមន្ត្រីកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្មប៉ុណ្ណោះ ទើប​ឆ្លើយបាន ។

មួយរយៈពេលកន្លងទៅនេះ មន្ត្រីកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្មតែងតែចុះពិនិត្យ​គុណភាពប្រេង និងរង្វាស់រង្វាល់ប្រេងនៅតាមស្ថានីយនានា ។ ជារឿយៗ គេតែងរកឃើញស្ថានីយប្រេងភាគច្រើនលក់ប្រេងមិនគ្រប់ចំណុះ និងបន្លំគុណភាពប្រេង ។ នោះហើយដែលគេហៅថា វិធីវាយស្មៅបង្អើលពស់ ។ បន្ទាប់ពីបានត្រួតពិនិត្យដឹងអំពី​បញ្ហាលក់ប្រេងមិនគ្រប់ចំណុះ និង​បន្លំគុណភាពហើយ គឺ​ម្ចាស់ស្ថានីយប្រេង(ពស់) ត្រូវ​គិតគូរយ៉ាងណាយ៉ាងណីជាមួយក្រុមមន្ត្រី​កាំកុងត្រូលទាំងនោះបន្តទៀត ។ ហេតុដូច្នេះហើយបានជាមួយលើកជាពីរលើក ស្ថានីយប្រេង​ឥន្ធនៈ​មួយចំនួននៅតែបន្តប្រព្រឹត្តល្មើសតាមរយៈលក់ប្រេងបន្លំគុណភាព និងមិនគ្រប់ចំណុះ ។

បច្ចុប្បន្ននេះ បញ្ហា​ប្រេង​គឺជារឿងក្តៅគគុករបស់ប្រជាពលរដ្ឋ ។ ម្ចាស់ស្ថានីយប្រេង​ត្រូវមានទំនាក់ទំនងស្អិតល្មួតជាមួយមន្ត្រីមានសមត្ថកិច្ចផ្នែកពាណិជ្ជកម្ម បើមិនដូច្នោះទេ មុខជាត្រូវក្រុមមន្ត្រីទាំងនោះអូសឧបករណ៍មកវាស់ស្ទង់គុណភាព និងរង្វស់រង្វល់គ្មានពេលល្ហែមិនខានឡើយ ។ ម្ចាស់ស្ថានីយខ្លះបង្ខំចិត្ត​បង់ខែជូនមន្ត្រីកាំកុងត្រូល និងខ្លះទៀតរហូតដល់គិតភាគរយនៃចំនួនលក់ជូនមន្ត្រីទាំងនោះទៀត​ផង ។ នេះជាផ្នែកមួយដែលនាំឲ្យតម្លែប្រេងសាំងថ្លៃជាងបណ្តាប្រទេសជិតខាង ។ គេមិនដឹងថា តើករណីខាងលើនេះ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានជ្រាបដែរឬយ៉ាងណានោះទេ ។ ប៉ុន្តែសម្រាប់អគ្គនាយកដ្ឋានកាំកុងត្រូលរបស់លោកម៉ក់ ពិជ្ជរិទ្ធដឹងច្បាស់ណាស់ ៕