ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ កុងត្រុលនៅភូមិស្ទឹងថ្មី ស្រុកវាលវែងឡើងថ្លៃសេវា

ក្រុមអ្នករកស៊ីដឹកជញ្ជូនឈើ​ និងអុស បានរាយការណ៍ថា កុងត្រុលជជុះនៅលើកំណាត់ផ្លូវលេខ៥៥ ស្ថិតក្នុងចំណុចដំណាក់កន្សែង ភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានឡើងថ្លៃសេវា ស្ទើរគុណនឹងទ្វេដង ។ យ៉ាងណាក៏ដោយ ក្រុមអ្នករកស៊ីល្មើស នៅតែ​ចំណាយប្រាក់​ឲ្យក្រុមកុងត្រុលទាំងនោះ ពីព្រោះបើ​មិនបង់ប្រាក់ឲ្យពួកគេទេ ប្រាកដ​ជាត្រូវចាប់​ផ្អើលទឹកផ្អើលដីមិនខានឡើយ ។

ប្រភពបានរាយការណ៍ថា ក្រុមកុងត្រុលចម្រុះរបស់ខេត្តពោធិ៍សាត់​បានដាក់​ប្រចាំការ​នៅ​លើកំណាត់ផ្លូវលេខ​៥៥ ស្ថិតក្នុងឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់​ជាយូរណាស់មកហើយ ។ នៅលើកំណាត់ផ្លូវនេះ ចរាចរណ៍ឈើ​បានកើតឡើង​ស្ទើរតែចៀសគ្នាមិនរួច ។ វាក្លាយទៅជាបញ្ហាថ្មីចំពោះការកកស្ទះចរាចរណ៍នៅផ្លូវជនបទ ដោយសារតែរថយន្ត​ ក៏ដូចជាយានយន្តកែច្នៃច្រើនប្រភេទ ណែនណាន់តាន់តាប់លើដងផ្លូវនេះ ។ រថយន្តដឹកឈើ និងរថយន្តដឹកអុស​ធ្វើសកម្មភាព​ជាចំហរ ដោយគ្រាន់តែបង់ប្រាក់​ឲ្យមន្ត្រី ដែលប្រចាំការនៅចំណុចខាងលើជាការស្រេច ។

ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នៅក្នុងរយៈពេលចុងក្រោយនេះ សកម្មភាពនៃការទារប្រាក់នៃក្រុមមន្ត្រីប្រចាំការនៅកុងត្រុល​ខាងលើ បានឡើងថ្លៃគួរ​ឲ្យចាប់អារម្មណ៍ ។ រថយន្តដឹកអុស​មួយគ្រឿង ត្រូវបានក្រុមមន្ត្រីប្រចាំការនៅកុងត្រុលខាងលើ ទារលុយរហូតដល់២លានរៀល ឬយ៉ាងហោចណាស់ក៏បាន៨០ម៉ឺនរៀលដែរ ។ ប្រភពបានអះអាងថា គ្រាមុន ក្រុមមន្ត្រី​កុងត្រុលខាងលើទារប្រាក់ពីរថយន្តដឹកអុស​ត្រឹមតែ​៥០ម៉ឺនឬ៦០ម៉ឺនរៀលប៉ុណ្ណោះ ។ ឥឡូវនេះ ពួកគេ​ទារលុយ​ពីការដឹកជញ្ជូន កើនឡើង​គួរឲ្យកត់សម្គាល់ ។

អាជ្ញាធរខេត្តពោធិ៍សាត់​ហាក់ដូចជាមិនចាប់អារម្មណ៍ចំពោះបញ្ហា​ដែលកំពុងកើតឡើងលើកំណាត់ផ្លូវជាតិលេខ៥៥នោះឡើយ ។ អ្នកភូមិនៅក្បែរនោះនិយាយថា ក្រុមន្ត្រីចម្រុះដែលប្រចាំការ​នៅទីកន្លែងទារប្រាក់ អះអាង​ប្រាប់អ្នកភូមិថា ពួកគេ ជា​មន្ត្រី​មកពីថ្នាក់ខេត្ត ។ ការដែលពួកគេអះអាងថាជាមន្ត្រីថ្នាក់ខេត្ត គឺដើម្បីងាយស្រួលទារប្រាក់ពីអ្នកដឹកជញ្ជូនបទល្មើស​បានតម្លៃខ្ពស់ ។ ត្រង់និយាយថា ពួកគេជាមន្ត្រីថ្នាក់ខេត្ត ដូច្នេះ​មិនអាចយកលុយបន្តិចបន្តួច និងកំប៉ិកកំប៉ុកបានទេ ។ ដូច្នេះហើយ បានជាមួយរយៈពេលចុងក្រោយនេះ មានការចាប់អារម្មណ៍ថា កុងត្រូលនៅលើ​កំណាត់ផ្លូវជាតិលេខ៥៥ ក្នុងស្រុកវាលវែង បានទារថ្លៃសេវាលើសមុនទេ្វដង ។ គេមិនដឹងថា តើនោះជាបទបញ្ជារបស់ថ្នាក់ដឹកនាំខេត្ត ឬយ៉ាងណានោះទេ ៕