ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ក្រសួងកសិកមុ្មក្រឡេកបទល្មើសនេសាទនៅខេត្តកំពតផង

អគ្គនាយកដ្ឋានរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហាក់ដូចជាមិនមានចំណាត់ការទាល់តែសោះចំពោះបញ្ហាបទល្មើសនេសាទ​នៅដែនសមុទ្រខេត្តកំពត ។ ជំនាន់លោក ណៅ ធួក អគ្គនាយករដ្ឋបាលជលផលមិនបណ្តោយឲ្យមានបទល្មើសកើតឡើងតាមអំពើចិត្តយ៉ាងដូច្នេះឡើយ ។ សម័យលោក អេង ជាសាន បទល្មើសនេសាទនៅដែនសមុទ្រខេត្តកំពតកើតឡើង​យ៉ាងខ្លាំងក្លា ។ ការស្ងៀមស្ងាត់របស់លោកអេង ជាសាន ធ្វើឲ្យប្រជានេសាទខ្មែរនៅខេត្តកំពតយល់ច្រឡំថា អគ្គនាយករដ្ឋបាលជលផលរូបនេះបានទទួលលាភសក្ការពីមន្ត្រីជលផលនៅខេត្តកំពត ។ គេមិនដឹងថា ការសន្និដ្ឋានរបស់ប្រជានេសាទនៅខេត្តកំពតពិត​កម្រិតណានោះទេ?

ប្រភពព័ត៌មានបានរាយការណ៍ថា នាយខណ្ឌរដ្ឋបាលជលផលកំពត លោក ស សូរិន្ទ ដែលក្លាយជាស្តេចក្រាញ់លើវិស័យជលផលក្នុងខេត្តនេះ​ជាអ្នកដែលបានកសាងបទល្មើសធំធេងជាងគេបំផុត​ជាមួយបណ្តាជនជាតិវៀតណាម ដែលចូលមកនេសាទទាំងគឃ្លើនល្មើសច្បាប់ ក្នុងដែនទឹកកម្ពុជា ។ លោក​ស សូរិន្ទ ទោះបីជា​អភិបាលខេត្តកំពតត្រូវបានដូរជាច្រើននាក់ហើយក៏ដោយ ក៏លោកនៅតែជាមេជលផលខេត្តនេះដដែល ។ ការដែលលោកអាចនៅឈរជើងក្នុងទឹកដីខេត្តកំពតបានរាប់ទសវត្សរ៍ គឺ​ជាមូលហេតុដែលលោកអាចកសាងបទល្មើសជាមួយបណ្តាជនជាតិវៀតណាមបានយ៉ាងស្រួល ។ អំពើពុករលួយ​ដែលបានមកពី​វិស័យជលផលនេះ ធ្វើឲ្យប្រជានេសាទខ្មែរយល់ថា មួយចំណែកនៃប្រាក់អំពើពុករលួយត្រូវបានលោក​ស សូរិន្ទ យកទៅចែករំលែក​ថ្នាក់​ដឹកនាំក្រសួងកសិកម្ម ទើបលោកអាចកាន់តំណែងបានយូរយ៉ាងដូច្នេះ ។

បន្ទាប់ពីលោកស សូរិន្ទ ក៏មានលោកចាន់ រិទ្ធ ដែលឡើងតំណែង​តាមរយៈអតីតអភិបាលខេត្ត​លោក ចាន់ ចេស្តា ដែលទើបតែត្រូវដកហូតពីតំណែងនោះ ។ លោកចាន់ រិទ្ធ ក៏ត្រូវគេអះអាងថា បានសើមមាត់ក្នុងបញ្ហាបទល្មើសនៅក្នុងដែនសមុទ្រនេះដែរ ។ អ្នកដែលទើបតែឈានជើងចូលថ្មី នៃ​អំពើពុករលួយ នៅដែនសមុទ្រខេត្តកំពតនោះ លោកចាន់ រិទ្ធ ត្រូវគេអះអាងថា រស់ក្រោមការបន្តក់ពីលោក ស សូរិន្ទ ដែរទេ ។ ដូច្នេះលោក ស សូរិន្ទ នៅតែជាតួឯកក្នុងរឿងពុករលួយនៃការអនុញ្ញាតឲ្យទូកអូសគូរបស់ជនជាតិវៀតណាមចូលមកនេសាទក្នុងដែនសមុទ្រខ្មែរ ។ ជារឿយៗបណ្តាជននេសាទខ្មែរតែងតែធ្វើបាតុកម្មប្រឆាំងនឹងវត្តមានជនជាតិវៀតណាម ដែលចូលមកនេសាទក្នុងដែន​ទឹកខ្មែរ ។ ប្រការនេះគួរតែ​អគ្គនាយកដ្ឋានរដ្ឋបាលជលផលមើលពីទុក្ខលំបាករបស់អ្នកនេសាទខ្មែរផង ៕