ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ខ្សឹបដាក់ត្រចៀក៖ ក្រឡេកមើលបទល្មើសនេសាទ​នៅផាត់សណ្តាយ ក្រោមចំណាត់ការរបស់លោក យ៉ាន់ វិសាក់ ហៅសែ

ចែករំលែក៖

អាជ្ញាធរខេត្តកំពង់ធំ ក្រោមអំណាច​លោកសុខ លូ គួរចាត់កម្លាំងទៅមើលបទល្មើសនេសាទ​នៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំផង ។ បទល្មើសនេសាទគ្រប់ប្រភេទ ក្រោមក្រសែភ្នែករបស់លោកយ៉ាន់ វិសាក់ ហៅសែ នាយផ្នែក​រដ្ឋបាលជលផលផាត់សណ្តាយ កំពុងកើតមានព្រោងព្រាត មិនដែលមានការបង្ក្រាបនោះឡើយ ហើយបើ​មានការបង្ក្រាប គឺធ្វើឡើងចំពោះតែអ្នកដែលមិនបង់ប្រាក់​ឲ្យមន្ត្រីជលផលតែប៉ុណ្ណោះ ។ លោកយ៉ាន់ វិសាក់ ហៅសែ ក្នុងនាម នាយផ្នែករដ្ឋបាលជលផល​ផាត់សណ្តាយ ដែលគ្រប់ដណ្តប់មើលការខុសត្រូវនៅក្នុងស្រុក​កំពង់ស្វាយ និងស្រុកសន្ទុក ត្រូវគេរាយការណ៍ថា កំពុងកាកកបយ៉ាងសម្បើមជាមួយបទល្មើសនេសាទ ។

បទល្មើសនេសាទដែលប្រើឧបករណ៍ខុសច្បាប់ច្រើនប្រភេទ មានដូចជាឈ្នក់ របាំងព្រួល អូសយ៉ាំងកាវ ប … បាននិងកំពុងកើតមានយ៉ាងអនាធិបតេយ្យ ក្រោមក្រសែភ្នែកលោកយ៉ាន់ វិសាក់ ហៅសែ ។ ប្រជាពលរដ្ឋនិយាយថា បទល្មើសដែលបានកើតឡើងសុទ្ធតែត្រូវបង់ប្រាក់​ឲ្យមន្ត្រីជលផល ទើបអាចនេសាទបាន ។ អ្នកដែលមិនបង់ប្រាក់​ឲ្យ មុខជាត្រូវចាប់​បង្ហាញមុខយកស្នាដៃជូនថ្នាក់ដឹកនាំខេត្ត និងអគ្គនាយកដ្ឋានរដ្ឋបាលជលផល ។ បទល្មើសនេសាទ​ទាំងនោះ សុទ្ធតែអាច​មើលឃើញដោយភ្នែកទទេ ប៉ុន្តែអាជ្ញាធរខេត្តមិនដែលខ្វល់នោះឡើយ គឺ​ជឿតែទៅលើរបាយការណ៍របស់ខណ្ឌរដ្ឋបាលជលផល ឬមន្ទីរកសិកម្មខេត្តតែប៉ុណ្ណោះ ។ លោកយ៉ាន់ វិសាក់ បានត្រឹមតែធ្វើរបាយការណ៍បង្ហាញស្នាដៃពីការចាប់អ្នកនេសាទល្មើសច្បាប់ដែលមិនបង់ប្រាក់តែប៉ុណ្ណោះ ។ លោកមិនដែលធ្វើរបាយការណ៍ពីចំនួនអ្នកនេសាទល្មើសច្បាប់ និងឧបករណ៍នេសាទល្មើសច្បាប់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន​ឲ្យថ្នាក់លើបានដឹងនោះឡើយ ។

ប្រជាពលរដ្ឋនិយាយថា ប្រសិនបើអាជ្ញាធរខេត្តរស់ត្រគាក​បន្តិច ក៏លោកយ៉ាន់ វិសាក់ ហៅសែ មិនហ៊ានធ្វើអ្វីផ្តេសផ្តាស់តាមអំពើចិត្តនោះដែរ ។ ប៉ុន្តែ​ថ្នាក់ដឹកនាំខេត្តផ្តេកផ្តួល ជឿតែទៅលើរបាយការណ៍ របស់ពួកមន្ត្រីជលផលតែប៉ុណ្ណោះ ។ ថ្នាក់ដឹកនាំទាំងនោះ មិនដែលពិនិត្យមើលស្ថានភាពជាក់ស្តែងថា តើនៅលើបឹងទន្លេសាបមានបទល្មើសអ្វីខ្លះនោះទេ ។ ដោយសារតែបញ្ហានេះហើយ ទើប​មន្ត្រីជលផល ចេះតែធ្វើរបាយការណ៍ភូតកុហក់ថ្នាក់ដឹកនាំខេត្ត ។ ប្រជាពលរដ្ឋសង្ឃឹមថា អាជ្ញាធរខេត្ត​កំពង់ធំ ក្រោមអំណាចចាត់ចែង​របស់លោកសុខ លូ នឹងពិនិត្យមើលបទល្មើសនេសាទ​នៅក្នុងដែនសមត្ថកិច្ច​លោកយ៉ាន់ វិសាក់ ហៅសែ នាថ្ងៃណាមួយមិនខាន ៕


ចែករំលែក៖