ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ខឹម ប៊ុនថន មន្ត្រីជលផល​ទទួលម៉ៅការ​​កសាងបទល្មើសនេសាទនៅស្រុកអង្គរបុរី

ពិតជាមិនមែនអាជ្ញាធរដែនដី ឬកងកម្លាំងប្រដាប់អាវុធនោះទេ ដែល​ជាអ្នកកសាងបទល្មើសជលផល ល្បីខ្ទរខ្ទានៅស្រុកអង្គរបុរី ខេត្តតាកែវនោះ ផ្ទុយទៅវិញគឺមន្ត្រីជលផល ដែលប្រចាំការនៅស្រុកនេះតែម្តង ជាអ្នកបើកដៃ ឲ្យមានបទល្មើសនេសាទ តាមរយៈការបង្ហូរជនជាតិវៀតណាម​ឲ្យចូលមកនេសាទក្នុងទឹកដីខ្មែររាល់ថ្ងៃ ។ នោះគឺលោក ខឹម ប៊ុនថន នាយផ្នែករដ្ឋបាលជលផល​អង្គរបុរីតែម្តង ។ រីឯថ្នាក់ដឹកនាំខេត្តតាកែវ លោក អ៊ួច ភា ក៏ផ្តេកផ្តួលក្នុងផល​ប្រយោជន៍ជាមួយ​មន្ត្រីជលផលនៅមូលដ្ឋាននេះតែម្តង ។ គេមិនដែលឮលោក អ៊ួច ភា ក្អកគ្រហែមម្តងណាឡើយ រឿងបទល្មើសនេសាទគគ្រឹកគគ្រេងនៅស្រុក​អង្គរបុរី និងស្រុកបុរីជលសា ខេត្តតាកែវ ។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា បទល្មើសនេសាទនៅស្រុកអង្គរបុរី គឺ​មានទំហំធំធេងខ្លាំងណាស់ តាមរយៈការ​បើកដៃជាចំហរឲ្យបណ្តាជនជាតិវៀតណាមចូលមកនេសាទ ដោយសេរី ។ អ្វីដែលឈឺចាប់បំផុត គឺបណ្តាពលរដ្ឋខ្មែរម្ចាស់​ស្រុក​មិនត្រូវបានលោកខឹម ប៊ុនថន អនុញ្ញាតឲ្យនេសាទដើម្បី​គ្រាន់ចិញ្ចឹមក្រពះនោះឡើយ ។ ប្រភពរាយការណ៍ថា របាំងព្រួល, អួន សៃយឺន ចម្ងាយរាប់គីឡូម៉ែត្រ ចាប់ពី​ភូមិសាស្ត្រស្រុកអង្គរបុរី ដល់ព្រំដែនខេត្តកណ្តាល គឺជាស្បៃមុង, របាំងព្រួល, សៃយឺន អួន… របស់ជនជាតិវៀតណាមទាំងអស់ ។ គ្មានទេរបស់ពលរដ្ឋខ្មែរ ។ លោក ខឹម ប៊ុនថន ព្រមានថា ពលរដ្ឋខ្មែរដែលចូលនេសាទនៅក្នុងស្រុកអង្គរបុរី​ត្រូវចាប់ដាក់គុក ។ វាមិនមែនជាការព្រមានទេ ប៉ុន្តែ​លោកខឹម ប៊ុនថន បានធ្វើរឿងចាប់ពលរដ្ឋខ្មែរដាក់គុកនេះរួចហើយ ។

បទល្មើស​អួន ស្បៃមុង សៃយឺន ដាយ ជាដើមនោះ សុទ្ធតែត្រូវបង់ប្រាក់ជូនលោក ខឹម ប៊ុនថន ។ ជាងនេះទៅទៀត បណ្តាជនជាតិវៀតណាម ដែលចូលមកនេសាទតាមទូកប្រចាំថ្ងៃ សុទ្ធតែត្រូវបង់ប្រាក់ជូនលោក ខឹម ប៊ុនថន ។ បណ្តា​ជនវៀតណាមចូលមកនេសាទតាមទូកនៅពេលព្រឹក និងត្រឡប់ទៅវិញនៅពេលល្ងាច ។ ពួកគេ​ប្រមូលយកធនធានមច្ឆជាតិគ្រប់ប្រភេទ មិនថា តែត្រីនោះទេ សូម្បីតែខ្ចៅ ខ្យង កណ្តុរ ក៏ប្រមូលដាក់ទូកយកទៅទាំងអស់ ។ លោក ខឹម ប៊ុនថន ជាអ្នកដែលការពារបណ្តាជនវៀតណាមទាំងនោះ និងខ្ទប់ពលរដ្ឋខ្មែរមិនឲ្យចូលនេសាទ ។ មានខ្លះដែរជនជាតិ​ខ្មែរ ឥស្លាម ដូចជា​លោក ខុំ នៅកំពង់យោល អាចនេសាទ​បាន ដោយចំណាយប្រាក់ជូនលោក ខឹម ប៊ុនថន ។

អភិបាលខេត្តតាកែវ លោក អ៊ួច ភា មិនដែលបង្ហាញប្រតិកម្មម្តងណាទាល់តែសោះរឿងបណ្តាជនជាតិវៀតណាម ដែលត្រូវបានអនុញ្ញាតឲ្យចូលនេសាទក្នុងដែនដីខ្មែរ ។ ប្រជាពលរដ្ឋស្រុកអង្គរបុរី និងស្រុកបុរីជលសា​យល់ថា លោកអភិបាលខេត្ត​បានផលប្រយោជន៍ជាមួយពួកមន្ត្រីជលផល ទើបបានជា​មិនព្រមបញ្ជាចាត់វិធានការ​ឲ្យបង្ក្រាបបទល្មើសបែបនេះ ។ បែបនេះហើយគឺលោកខឹម ប៊ុនថន នៅតែបានដៃក្នុងការកសាងបទល្មើស​ជាមួយ​ជនជាតិវៀតណាម ដោយក្នុងមួយថ្ងៃៗលោកប្រមូលប្រាក់​បានរាប់ពាន់ដុល្លារ ៕