ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ គយចល័យដាក់កុងត្រូលនៅជិតផ្សារត្រាចប្រមូលលុយបានស្រួលៗ

គេរាយការណ៍ថា នៅលើកំណាត់ផ្លូវជាតិលេខ៥ ជាប់ប៉ុស្តិ៍រដ្ឋបាលនគរបាលស្វាយ ខាងកើតផ្សារត្រាច ស្ថិតក្នុងឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ជាទីតាំងកុងត្រូល​ជជុះរាប់ឆ្នាំមកហើយរបស់​គយចល័ត ។ នៅទីនេះ សមត្ថកិច្ចគយ អាចធ្វើអី្វៗបានគ្រប់យ៉ាង ដោយពួកឈ្មួញមិនអាចគេចផុតពីកណ្តាប់ដៃគយនៅទីនេះបានឡើយ ។ តិចឬច្រើន(លុយ) ឈ្មួញត្រូវតែចំណាយ​ឲ្យក្រុមមន្ត្រីគយនៅទីនោះ ទោះបីជាទំនិញស្របច្បាប់ ឬមិនស្របច្បាប់ក៏ដោយ ។

ប្រភពរាយការណ៍ថា កុងត្រូលជជុះរបស់ក្រុមមន្ត្រីគយចល័តនៅជិតផ្សារត្រាច បានបោះទីតាំងជាយូរឆ្នាំមកហើយៗវាបានក្លាយទៅជាកំណត់សម្គាល់មួយរបស់ឈ្មួញនៅពេលដែលគេមកដល់​ផ្សារត្រាច ត្រូវតែរៀបចំលុយកាក់សម្រាប់ជូនមន្ត្រីទាំងនោះ។ ពួកឈ្មួញនិយាយថា គឺដូចជាយើងធ្វើដំណើរទៅខេត្ត​ព្រះសីហនុ នៅពេលដល់ចំណោតយាយម៉ៅ ត្រូវតែយកចេកទៅថ្វាយលោកយាយយ៉ាងដូច្នោះដែរ ។ រី​ឯនៅចំណុច​ផ្សារត្រាច ក្រុមអ្នករកស៊ីទាំងទំនិញគេចពន្ធ ទាំងទំនិញស្របច្បាប់ ត្រូវតែមានតង្វាយសម្រាប់មន្ត្រីគយនៅទីនោះ ។ អ្នកដឹកទំនិញស្របច្បាប់យ៉ាងហោចណាស់ក៏ត្រូវបង់២០ដុល្លារ ឬច្រើនជាងនេះ សម្រាប់ជូនមន្ត្រីគយ ដែលប្រចាំការ​នៅទីនោះសម្រាប់ទទួលទានអាហារ ។

បើទោះបីជាមិនមានវត្តមានមន្ត្រីគយប្រចាំការនៅក្នុងរោង​(ប៉ុស្តិ៍) ដែលបាំងដោយស័ង្កសីនោះក៏ដោយ ក៏អ្នកដឹកទំនិញត្រូវតែទម្លាក់លុយ​ចូលក្នុងប៉ុស្តិ៍នោះដែរ ។ អ្នករកស៊ីទំនិញគេចពន្ធត្រូវបង់ជូនលោកមេគយចល័ត យ៉ាងតិច១ពាន់ដុល្លារក្នុងមួយខែ ទើបអាចរកស៊ីបានដោយសុខស្រួល ។ រីឯអ្នកដែលដឹកទំនិញបង់ពន្ធមិនគ្រប់ ឬលើសពីការកំណត់លិខិតអនុញ្ញាត ត្រូវបង់យ៉ាងហោចណាស់១០០ដុល្លារ ។ នៅទីនោះគេអាចមើលឃើញរថយន្ត​របស់មន្ត្រីគយ ដាក់ត្រៀមសម្រាប់ដេញរាល់រថយន្តដឹកទំនិញដែលមិនចូលបង់លុយ ។ ដូច្នេះ បើសិនជាថ្នាក់លើ​របស់​មន្ត្រីគយចង់ដឹងការពិត គឺគេអាចមើលដោយភ្នែកទទេឃើញ ។ នៅទីនោះវាក្លាយទៅជាទម្លាប់ដែលអ្នករកស៊ីទាំងស្របច្បាប់ ឬមិនស្របច្បាប់តែងតែនាំគ្នាចូលទម្លាក់លុយឲ្យអ្នកប្រចាំការនៅក្នុងប៉ុស្តិ៍នោះ ៕