ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ គ្រប់អភិបាលខេត្តមណ្ឌលគិរី សុទ្ធតែចាញ់ឥទ្ធិពល​អ្នកមានលុយ សៀង ស៊ីណា

បុរសម្នាក់ឈ្មោះ សៀង ស៊ីណា ត្រូវជាប្អូនប្រុសអតីតមេបញ្ជាការ​យោធាខេត្ត​ បង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំងសម្រាប់មន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តនេះ នៅគ្រាដែលគាត់អាចឈរជើង​​បានយ៉ាងរឹងមាំ ក្នុងមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បើទោះបីជាគាត់ខ្សត់ចំណេះដឹង យ៉ាងណាក៏ដោយ ។ ក្រសួងបរិស្ថាន​តាំងពីជំនាន់លោកម៉ុក ម៉ារ៉េត បានដកតំណែង តួនាទីលោកសៀង ស៊ីណា ច្រើនលើកច្រើនគ្រា ប៉ុន្តែ លោកសៀង ស៊ីណា នៅតែអាចត្រឡប់វិលមកកាន់តំណែងការងារក្នុងមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរីវិញបានដដែល ។ បានដដែល ក៏ព្រោះតែអំណាចទឹកប្រាក់ជាមួយថ្នាក់ដឹកនាំខេត្តនេះឯង ។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ជំនាន់លោកម៉ុក ម៉ារ៉េត បុគ្គលឈ្មោះ សៀង ស៊ីណា ត្រូវបានដកដោយបង្ខំឲ្យទៅ​អានកាសែត​នៅទីស្តីការក្រសួងបរិស្ថាន ។ ប៉ុន្តែដោយសៀង ស៊ីណា មិនចេះអានអក្សរ ក៏បានរកវិធីត្រឡប់មកខេត្តមណ្ឌលគិរីវិញ ដោយបានតួនាទីជាអនុប្រធានមន្ទីរ ។ ក្នុងនាម​ជាមន្ត្រីដែលមានការចេះដឹង​តិចតួច ប៉ុន្តែមានមហិច្ឆតាចង់ធ្វើធំ នាំឲ្យមានកំហុសជាច្រើន ទើបក្រសួងបរិស្ថានសម្រេចដកលោកសៀង ស៊ីណា ពីអនុប្រធានមន្ទីរ​ឲ្យមកជា​មន្ត្រីធម្មតា ។ ក្រោយមក ដោយសារមាន​បញ្ហាម្តងទៀត លោកសៀង ស៊ីណា បានផ្ទេរចេញពីក្រសួងបរិស្ថាន ទៅនៅក្រសួងមហាផ្ទៃ ។ បានមួយចំអិនកំពិស លោកបានវិលត្រឡប់​មកវិញ ក្នុងនាមជាអនុប្រធានការិយាល័យ​ ដែនជម្រកសត្វព្រៃកែវសីមា ដែលមាន​ការចុះហត្ថលេខាកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ របស់លោកអភិបាលខេត្តស្វាយ សំអ៊ាង ។

សាលាខេត្តមណ្ឌលគិរី​ក្នុងសំណុំរឿងនេះ ញាំងឲ្យមានការចាប់អារម្មណ៍ជាច្រើនចំពោះការលូកដៃកកូរកកាយ​បញ្ហាផ្ទៃក្នុងនៅតាមមន្ទីរ ។ ការដក ដាក់មន្ត្រីនៅក្នុងមន្ទីរបរិស្ថាន បណ្តាលឲ្យបាត់ឈ្មោះមន្ត្រីម្នាក់ ដែលមានកាំប្រាក់ និងតួនាទីត្រឹមត្រូវ ដែលក្រសួងមុខងារសាធារណៈទទួលស្គាល់ ។ គេមិនដឹងថា តើបែបបទការងាររបស់សាលាខេត្តមណ្ឌលគិរីយ៉ាងណានោះទេ ទើបបានជាលេបឈ្មោះមន្ត្រីម្នាក់ ដែលមានតួនាទីនៅក្នុង​ដែនជម្រកសត្វព្រៃកែវសីមា ប៉ុន្តែនៅក្នុងដីកាតែងតាំងថ្មី ចុះហត្ថលេខាដោយលោក​អភិបាលខេត្ត មិនឃើញឈ្មោះមន្ត្រីនោះទេ ។ គេមិនដឹងថា តើ​អំណាច​ឥទ្ធិពលលុយរបស់​បុគ្គល សៀង ស៊ីណា ធ្វើឲ្យ​បាត់ឈ្មោះមន្ត្រីម្នាក់នោះឬយ៉ាងណា?

មន្ត្រីរាជការខេត្តមណ្ឌលគិរីនិយាយថា ចំណាត់ការរបស់ថ្នាក់ដឹកនាំខេត្តនេះ​មិនបានគោរពតាមផ្លូវច្បាប់​នោះទេ ។ ជាក់ស្តែងការលេបឈ្មោះ​មន្ត្រីម្នាក់ គឺជារឿងដែល​ថ្នាក់ដឹកនាំខេត្តមានចេតនា ។ គេរំពឹងថា ក្រសួងមហាផ្ទៃពិនិត្យមើលលទ្ធភាពដឹកនាំការងារ​របស់លោកស្វាយ សំអ៊ាងនោះផង ។ ពីព្រោះថា ក្រៅពី​ធ្វើឲ្យមន្ត្រីរាជការ ថ្នាំងថ្នាក់ ការដឹកនាំ​មិនមានប្រសិទ្ធភាពទាល់តែសោះ​ក្នុងការបង្ក្រាបបទល្មើសព្រៃឈើ ។ មិនតែប៉ុណ្ណោះ គេខ្សឹបខ្សៀវពេញខេត្តថា បងប្អូនកូនក្មួយរបស់លោកអភិបាលខេត្ត ជាប់ជំពាក់ជំពិនជាមួយនឹងរបររកស៊ីខុសច្បាប់នេះ ៕