ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ចៅសង្កាត់កាកាបទី២ឡើងធំដាក់ពាក្យប្តឹងលែងប្រពន្ធ

ក្រុមមន្ត្រី​បម្រើការងារនៅសាលាសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យខ្សឹបខ្សៀវគ្នាអំពីករណី​លោកចៅសង្កាត់ ម៉ាលី ពិសិដ្ឋ មានស្រីញីជាអ្នកលក់កាហ្វេបាយក្បែរសាលាសង្កាត់ ដោយងប់នឹងស្រីបានដាក់ពាក្យប្តឹងសុំលែងលះប្រពន្ធ ដែលមានកូន២ទៅហើយនោះ ។ ទង្វើបែបនេះ នាំឲ្យក្រុមមន្ត្រីនៅក្នុងសាលាសង្កាត់ និងប្រជាពលរដ្ឋក្បែរខាង នាំគ្នាយកដៃរឹតដើមទ្រូង​ដូច​ចំរៀងមួយបទដែលថា «បានមានភ្លេចក្រ ភ្លេចគ្រាកម្សត់» ។

គេរាយការណ៍ថា លោកម៉ាលី ពិសិដ្ឋ ជាបេក្ខជនចៅសង្កាត់រងទី១ សង្កាត់កាកាបទី២ ។ នៅពេលដែល​តុលាការកំពូលសម្រេចរំលាយ​អតីតគណបក្សសង្គ្រោះជាតិ លោកម៉ាលី ពិសិដ្ឋ ត្រូវបានប្រកាសជាចៅសង្កាត់ដោយស្វ័យប្រវត្តិ ។ ប៉ុន្តែ​នៅពេលប្រកាស​លោកមិនបានចូលរួមនោះទេ ដោយអះអាងថា មានជំងឺ ។ ប៉ុន្តែបើតាមប្រភពអះអាងថា ដោយសារតែលោកខ្លាចប្រពន្ធដើមមករករឿង ។ ប្រពន្ធដើមរបស់លោកម៉ាលី ពិសិដ្ឋ ធ្លាប់បានរកកិច្ចអន្តរាគមន៍ពីសាលាខណ្ឌពោធិ៍សែនជ័យ ដើម្បី​សម្របសម្រួល ឬរកដំណោះស្រាយ ។ ភរិយា​មិនចង់​ឲ្យបែកបាក់ក្រុមគ្រួសារដែលមានកូនពីរទៅហើយនោះទេ ។ ប៉ុន្តែលោកម៉ាលី ពិសិដ្ឋ ក្នុងនាមបុរសដែលគ្មានការទទួលខុសត្រូវ​បានព្យាយាម​កាត់សាច់ពីរដុំ​ដែលជាឈាមជ័ររបស់ខ្លួនដោយមិនទទួលខុសត្រូវ។

គេរាយការណ៍ថា ភរិយាដើមរបស់លោកម៉ាលី ពិសិដ្ឋ រស់នៅឯខេត្តកំពង់ឆ្នាំង ហើយលោកម៉ាលី ពិសិដ្ឋ ជួលផ្ទះគេនៅឯភ្នំពេញ ដោយមានការទំនុកបម្រុងពីស្ត្រីលក់កាហ្វេ លក់បាយនៅក្បែរសាលាសង្កាត់នោះ។ ស្ត្រីជាភរិយាស្របច្បាប់ប្រាថ្នាជួបសម្តេចតេជោ នៅគ្រាដែលសម្តេចចុះ​ជួប​ក្រុមកម្មករ កម្មការិនី​តាមបណ្តារោងចក្រក្នុងខណ្ឌពោធិ៍សែនជ័យ នាគ្រាកន្លងមក ប៉ុន្តែលោកម៉ាលី ពិសិដ្ឋ សន្យាថា នឹងសម្របសម្រួល ។ ផ្ទុយទៅវិញ ការសន្យានោះគ្មានលទ្ធផលអ្វីឡើយ ។

ដោយសារតែបញ្ហាស្រីញីធ្វើឲ្យការងារនៅក្នុងសាលាសង្កាត់​កាកាបទី២ជួបនឹងបញ្ហារាំងស្ទះជាច្រើន ។ នៅពេលដែលលោកម៉ាលី ពិសិដ្ឋ ទៅធ្វើការ គឺភ្នែកនៅកញ្ចឹងក ខ្លាចប្រពន្ធដើមនាំកូនមកយំយែកនៅសាលាសង្កាត់ ។ ដូច្នេះ លោកចាំបាច់ដាក់កម្លាំងដៃជើងឲ្យ​ឃ្លាំមើលក្រែងភរិយាស្របច្បាប់ និងកូន២នាក់នោះ មកតាមដល់សាលាសង្កាត់ ។ ករណីនេះ គួរតែ​សាលាខណ្ឌ​ពោធិ៍សែនជ័យ ក៏ដូចជាសាលារាជធានីភ្នំពេញ​ពិនិត្យលទ្ធភាពការងាររបស់លោកម៉ាលី ពិសិដ្ឋ ផង បើទុកឲ្យលោកដឹកនាំការងារប្រចាំថ្ងៃទាំងភ្នែកនៅកញ្ចឹងកយ៉ាងនេះ ការងារមិនទៅមុខទេ ៕