ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ច្រកទ្វារព្រំដែន​ភ្នំ​ដិ​ន មាន​ករណី​នាំចូល​ត្រី​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​

​ប្រជាពលរដ្ឋ​ស្រុក​គិរីវង់ ខេត្តតាកែវ បាន​រាយការណ៍​ថា​ក្នុងពេលដែល​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​កំពុងតែ​ប្រព្រឹត្ត​ទៅនោះ​សកម្មភាព​នាំ​ត្រី​ច្រើន​ប្រភេទ ពិសេស​ត្រី​អណ្តែង​និង​ត្រី​រ៉ស់​ពី​ប្រទេស​វៀតណាមចូល​ប្រទេស​កម្ពុ​ជាមាន​ចំនួន​កាន់តែ​ច្រើនឡើងៗ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា មន្ត្រី​ជំនាញ​នៅ​ច្រកទ្វារព្រំដែន​ភ្នំ​ដិ​ន គឺជា​អ្នក​ឃុបឃិត​ជាមួយ​ឈ្មួញ​ខ្មែរ​និង​ឈ្មួញ​យួន​នាំចូល​ត្រី​ទាំងនោះ​ដែល​ភាគច្រើន​ពួកគេ​បានធ្វើ​សកម្មភាព​នៅពេល​ទៀបភ្លឺ​ដែល​មិនមាន​អ្នកសារព័ត៌មាន​និង​ប្រជាពលរដ្ឋ​បានឃើញ​ច្បាស់​។​

ប្រជាពលរដ្ឋ​មូលដ្ឋាន​បាន​បញ្ជាក់ថា ក្នុង​មួយថ្ងៃៗ​ឈ្មួញ​បាន​នាំចូល​ត្រី​មិនតិចជាង​៣០​តោន​ទេ​តាម​ច្រកទ្វារព្រំដែន​ភ្នំ​ដិ​ន ដែល​ពួកគេ​ដឹក​ពី​ប្រទេស​យួន​មក​ដាក់​នៅ​មាត់ទ្វារ​ព្រំដែន​តាំងពី​ពេល​ថ្ងៃ ហើយ​នៅពេល​យប់​ក្រោយពេល​រត់ការ​បង់លុយ​ឲ្យ​មន្ត្រី​ខ្មែរ​រួចហើយ​ទើប​ឈ្មួញ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឆ្លងដែន​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា មិន​ត្រឹមតែ​មន្ត្រី​ជំនាញ​នៅ​ព្រំដែន​ទេ គឺ​សូម្បីតែ​មន្ត្រី​ជំនាញ​ផ្សេងៗ​ទៀត​ដែល​ប្រចាំការ​នៅតាម​ដងផ្លូវ​ក៏បាន​ទទួល​លុយ​សូកប៉ាន់​ពី​ឈ្មួញ​ផងដែរ​ទើប​ឈ្មួញ​ដឹក​ត្រី​ដល់​គោលដៅ​។​

NKD-36x6_outline

​ប្រជាពលរដ្ឋ​ខេត្តតាកែវ បាន​សង្កត់ធ្ងន់ថា​ក្នុង​មួយថ្ងៃៗ​គ្រាន់តែ​ក្នុង​ខេត្តតាកែវ​មួយ​ដែលមាន​ច្រកទ្វារព្រំដែន​អន្តរជាតិ​និង​ច្រករបៀង​ច្រើន​កន្លែង គឺ​កម្ពុជា​បាន​នាំចូល​ផលិតផល​កសិកម្ម​និង​ទំនិញ​ផ្សេងៗ​ទៀត​សព្វសារពើ ពិសេស​ផលិតផល​កសិកម្ម​ដែល​សូម្បីតែ​បន្លែ បង្ការ ផ្លែឈើ និង​ត្រី​សាច់​ជាដើម គឺមាន​រាប់រយ​តោន​ដែល​បង្ហាញ​ពី​ភាពទន់ខ្សោយ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​របស់​កម្ពុជា​៕​