ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ឆាង ម៉ៅ មន្ត្រីផង ឈ្មួញផងកាប់ឈើនៅស្រុកភ្នំក្រវាញ

តាមប្រភពពីប្រជាពលរដ្ឋក្នុងស្រុកភ្នំក្រវាញបានឲ្យដឹងថា បទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើចេញពីមូលដ្ឋានរបស់ពួកគាត់នៅតែបន្តកើតមានយ៉ាងគំហុក ព្រោះ មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតមិនចាត់វិធានការបង្ក្រាបតាមតួនាទីរបស់ខ្លួននោះទេ ។ សេចក្ដីរាយការណ៍ពីសមត្ថកិច្ចតូចតាចនៅស្រុក ភ្នំក្រវាញឲ្យដឹងថាមន្ត្រីនគរបាលខេត្តពោធិ៍សាត់ម្នាក់ឈ្មោះ ឆាង ម៉ៅ គឺជាឈ្មួញកាប់ឈើនិងដឹកជញ្ជូនឈើខុសច្បាប់ជាយូរមកហើយ ដោយមានការឃុបឃិតជាមួយមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត ។

សមត្ថកិច្ចតូចតាចនិងមន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងស្រុកភ្នំក្រវាញបានឲ្យដឹងថា មន្ត្រី

នគរបាលឈ្មោះ ឆាង ម៉ៅ ដែលជាឈ្មួញឈើល្បីឈ្មោះម្នាក់ដែរនោះបានយកម៉ាស៊ីនអារឈើជាប្រភេទម៉ាស៊ីនរ៉ៃធំៗទៅធ្វើសកម្មភាពអាររំលំដើមឈើនិងអារច្រៀកឈើនៅតំបន់ជួរភ្នំក្រវាញ។ ក្នុងមួយថ្ងៃៗក្រុមលោក ឆាង ម៉ៅ បានដឹកជញ្ជូនឈើចេញពី តំបន់ព្រៃជួរភ្នំក្រវាញមកចែកចាយតាមដេប៉ូក្នុងស្រុកក្រគរ ក្រុងពោធិ៍សាត់ និងខេត្ត កំពង់ឆ្នាំងតាមរថយន្តនិងរទេះគោក្របីមិនតិចនោះទេ ។

ប្រភពខ្លះបានឲ្យដឹងថា ការណ៍ដែលមន្ត្រីនគរបាលឈ្មោះ ឆាង ម៉ៅ ហ៊ានធ្វើអ្វីៗតាម អំពើចិត្តដោយសារមានការឃុបឃិតបើកដៃពីមន្ត្រីនគរបាលធំៗក្នុងខេត្តពោធិ៍សាត់ក៏

ដូចជាមានទំនាក់ទំនងជាមួយមន្ត្រីក្នុងជួរគណៈអភិបាលខេត្តពោធិ៍សាត់ផងដែរ។

ដោយមានការឃុបឃិតជាប្រព័ន្ធបែបនេះហើយទើបលោក ឆាង ម៉ៅ ហ៊ានប្រើអំណាច និងតួនាទីរបស់ខ្លួនធ្វើសកម្មភាពបំផ្លាញព្រៃឈើក្នុងតំបន់ជួរភ្នំក្រវាញ និងដឹកជញ្ជូនឈើធ្វើអាជីវកម្មខុសច្បាប់ដោយគ្មានញញើតអ្វីទាំងអស់ ៕