ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ឈើដឹកចេញ​ពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់តាមខេត្តកំពង់ស្ពឹ

បទល្មើសព្រៃឈើនៅក្នុង​តំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តពោធិ៍សាត់​ហាក់ដូចជាបើកយុទ្ធនាការចុងក្រោយ​ក្នុងការបំផ្លាញ​ព្រៃឈើដែលនៅសេសសល់តិចតួច​ ។ ក្រសួងបរិស្ថានហាក់ដូចបាននិងកំពុងសប្បាយអរជាមួយដំណើរទៅរកមហន្តរាយ​នៃព្រៃឈើតំបន់ការពារមួយនេះ ។ ពួកមន្ត្រីបរិស្ថាននៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ជាអ្នកកសាងវិនាសកម្មដោយផ្ទាល់នៅគ្រាដែលខ្លួនមានភារកិច្ចការពារព្រៃឈើទាំងនោះ ។ មន្ត្រីបរិស្ថានប្រចាំតំបន់ឈ្មោះប្រាក់ អ៊ីឡេង នៅតែជាជនបង្គោលទី១ ក្នុងការកសាងបទល្មើស​ដោយឃុបឃិតជាមួយពួកឈ្មួញ ។

ប្រភពបានឲ្យដឹងថា ឈើដែលនៅសេសសល់​ជាពិសេស​ប្រភេទឈើរាជកុលកំពុងត្រូវបានដឹកជញ្ជូន​ចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ។ ពួកគេដឹកឈើចេញតាមច្រកអូរត្រាវ និងអន្លង់អង្គុញ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែលមានព្រំប្រទល់ជាប់ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងស្រុកភ្នំក្រវាញ់ ខេត្តពោធិ៍សាត់ ។ ពួកគេដឹកឈើគ្រប់ប្រភេទតាមច្រកអូរត្រាវ កាត់​តាមស្ពានដែក ឆ្លងក្រុមហ៊ុន HLH និងបន្តឆ្ពោះទៅខេត្តកំពង់ស្ពឺ ។ មន្ត្រីបរិស្ថានខេត្តពោធិ៍សាត់ លោក ប្រាក់ អ៊ីឡេង ប្រធានប្រតិបត្តិការពិសេសប្រចាំ​តំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់​ នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ជាអ្នកដើររាប់គោយន្តរបស់ឈ្មួញដែលត្រូវដឹកចេញ​ដើម្បីយកប្រាក់ ។ ក្នុងមួយគោយន្តកន្ត្រៃត្រូវបង់៤០ម៉ឺនរៀល ពេលដែលដឹកចេញពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តពោធិ៍សាត់ ។ នៅពេលឆ្លងចូល​ដល់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ ម្ចាស់ឈើត្រូវបង់ឲ្យលោក ខន សុខុន នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺមួយជាន់ទៀត ។

ប្រភពរាយការណ៍ថា មន្ត្រីបរិស្ថានខេត្តពោធិ៍សាត់ប្រចាំស្នាក់ការរងអូរត្រាវ ក្រោមអំណាច​របស់លោកប្រាក់ អ៊ីឡេង បង្កើតស្នាក់ការដើម្បីប្រមូលលុយ​ពីបទល្មើសព្រៃឈើដែលដឹកឆ្លងកាត់តំបន់​របស់ខ្លួនគ្រប់គ្រង ។ ឈ្មួញតែម្នាក់គត់ ឈ្មោះ ណុប ឌី ម៉ៅផ្តាច់ក្នុងការកសាងបទល្មើស​ព្រៃឈើនៅតំបន់ដែនជម្រកសត្វព្រៃទាំងក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ ។ ឈើដែលបានធ្វើសកម្មភាពដឹកចេញភាគច្រើនជាឈើរាជកុល (ម្រិញ) យកមកលាក់ទុកនៅភូមិដំបងវិញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ។ គ្មាន​ឈើដែលដឹកតាមរថយន្តកែច្នៃណាមួយ អាចគេចផុតពីកណ្តាប់ដៃមន្ត្រីបរិស្ថានខេត្ត​ពោធិ៍សាត់ ក្រោមអំណាចគ្រប់គ្រងណែនដៃរបស់លោកប្រាក់ អ៊ីឡេង នោះបានឡើយ ។ លោកប្រាក់ អ៊ីឡេង ត្រូវគេអះអាងថា ជាអ្នកប្រមូលសេដ្ឋកិច្ចយ៉ាងធំ​សម្រាប់លោកប៉ាន់ មរកត ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ៕