ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ឈ្មួញធំៗនៅអាចដឹកឈើចេញពីស្រុកភ្នំក្រវាញ់បានរាល់ថ្ងៃ

រយៈពេល​ប៉ុន្មាន​សប្ដាហ៍​កន្លងទៅនេះ​សមត្ថកិច្ច​ចម្រុះ​ក្នុង​ខេត្តពោធិ៍សាត់ បាន​ចាត់វិធានការ​បង្ក្រាប​ស​កម្ម​ភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៅក្នុង​ស្រុក​ភ្នំក្រវាញ ជា​បន្តបន្ទាប់ ក៏ប៉ុន្តែ​ជាក់ស្ដែង​បទល្មើស​នៅតែ​កើតឡើង​យ៉ាង​រាលដាល​។ ថ្មីៗនេះ សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​សកម្មភាព​ដឹកជញ្ជូន​ឈើ​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥៥ ក្នុងភូមិ​រវាង ស្រុក​ភ្នំក្រវាញ ដោយមាន​ការចូលរួម​ពី​មន្ត្រី​តុលាការខេត្ត​ពោធិ៍សាត់ ផងដែរ​។ ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​ក្នុងស្រុក​ភ្នំក្រវាញ គ្មាន​ជំនឿ​លើ​សមត្ថកិច្ច​ចម្រុះ​ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នោះទេ ព្រោះ​ឈ្មួញ​ធំៗ​នៅតែ​អាច​គេច​ផុតពី​សំណាញ់​ច្បាប់​យ៉ាង​ក្រអឺតក្រទម​។

សមត្ថកិច្ច​មូលដ្ឋាន​ក្នុងស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា​ប្រតិបត្តិការ​របស់​សមត្ថ​កិច្ច​ចម្រុះ​កាលថ្មីៗ រឹបអូស​បាន​រថយន្ត​ដឹកឈើ​គ្រញូង​ជាង​១០​តោន​និង​បង្ក្រាប​អ្នកដឹកឈើ​តាម​មូ​តូ​ជាច្រើន​នាក់​ទៀតផង​។ ក៏ប៉ុន្តែ​ឈ្មួញដែលជា​ម្ចាស់​រថយន្ត​ដឹកឈើ​គ្រញូង​មាន​ទម្ងន់​ជាង​១០​តោន​មិន​ត្រូវបាន​សមត្ថកិច្ច​ប​ង្ហា​ញ​អត្តសញ្ញាណ​ជា​សាធារណៈ​នោះទេ ទុក​ឲ្យ​ឈ្មួញ​គេច​ផុតពី​សំណាញ់​ច្បាប់​យ៉ាង​ស្រួលៗ​។ ចំណែក​ពលរដ្ឋ​ដែល​ដឹកឈើ​តាម​ម៉ូតូ​ដើម្បី​បាន​ប្រាក់ចំណូល​ចិញ្ចឹមជីវិត​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​យ៉ាង​តឹងតែង​ពី​សំណាក់​សមត្ថកិច្ច​ចម្រុះ​ដោយ​គ្មាន​ការលើកលែង​ឡើយ​។

NKD-36x6_outline

ប្រភពបាន​ឲ្យ​ដឹងថា​ឈ្មួញ​ធំៗ​ដែលមាន​ខ្នងបង្អែក​រឹងមាំ​នៅតែ​អាច​ដឹកជញ្ជូន​ឈើ​ប្រណីត​ឆ្លងកាត់​ស្រុក​វាលវែង ស្រុក​ភ្នំក្រវាញ ចូលមក​ខេត្តកំពង់ឆ្នាំង រាជធានី​ភ្នំពេញ និង​យកទៅលក់​នៅ​ប្រទេសវៀតណាម​យ៉ាង​រលូន​។ ឈ្មួញ​ខ្លះ​បាន​យក​មន្ត្រីជាន់ខ្ពស់​និង​សមត្ថកិច្ច​ជាន់ខ្ពស់​នៅក្នុង​ខេត្តពោធិ៍សាត់ ធ្វើជា​បង្អែក​សម្រាប់​ការពារ​អាជីវកម្ម​ដឹកឈើ​ខុសច្បាប់​របស់​ពួកគេ ហេតុនេះហើយ​ទើប​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្តពោធិ៍សាត់ នៅតែ​កើតឡើង​យ៉ាង​រាលដាល​។ ករណី​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​រថយន្ត​ដឹកឈើ​គ្រញូង​ជាង​១០​តោន​នៅក្នុង​ស្រុក​ភ្នំក្រវាញ កាលពីពេល​ថ្មីៗ​នេះ​ប្រហែល​មកពី​ឈ្មួញ​ម្ចាស់​ឈើ​ចង់​គេចវេះ​មិន​បង់លុយ​ឲ្យ​សមត្ថកិច្ច​ទើបត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​យក​ស្នាដៃ​បង្ហាញ​ថ្នាក់លើ​។ រីឯ​ឈ្មួញ​ធំៗ​ជាច្រើន​នាក់​ទៀត​នៅតែ​អាច​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តពោធិ៍សាត់ ទៅដល់​គោលដៅ​យ៉ាង​សុខ​ស្រួល​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ណា​រំខាន​ឡើយ​៕