ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ឈ្មួញវៀតណាមត្រៀមទទួលយកឈើតាមច្រកប៉ុស្តិ៍៤ប៉ុស្តិ៍៥ទ្រង់ទ្រាយស្រដៀងនឹងតំបន់អូរហ៊ុច

ប៉ុស្តិ៍៧៥១(ទឹកដីវៀតណាម) ត្រូវបានគេឈូសឆាយផ្លូវរួចជាស្រេចដើម្បីចាំប្រមូលទិញឈើពីទឹកដីខេត្តមណ្ឌលគិរី តាមប៉ុស្តិ៍៤ ប៉ុស្តិ៍៥ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ក្នុងនោះត្រូវបានឈ្មួញប្តូររូបភាពពីការដឹកជញ្ជូនដោយត្រាក់ទ័រ រថយន្តបាកុង រថយន្តកែច្នៃ មកប្រើម៉ូតូកែច្នៃ ធ្វើជាមធ្យោបាយដឹកជញ្ជូនបទល្មើសឈើនេះ ឆ្លងទៅវៀតណាមតាមប៉ុស្តិ៍៤ ប៉ុស្តិ៍៥ ខណៈប៉ុស្តិ៍៧៥១របស់វៀតណាម មានការសម្រួលផ្លូវរួចជាស្រេច។

យ៉ាងតិចមានម៉ូតូជិត៥០០គ្រឿងសម្រាប់ត្រៀមដឹកឈើចេញពីស្រុកពេជ្រាដា ចំណុចប៉ុស្តិ៍៤ ប៉ុស្តិ៍៥ ដោយម៉ូតូ១គ្រឿង អាចដឹកឈើបានប្រហាក់ប្រហែលនឹងត្រាក់ទ័រ១គ្រឿង តាមរយៈការកែច្នៃ។ តាមគម្រោងម៉ូតូប្រមាណជិត៥០០គ្រឿងនេះត្រូវត្រៀមចូលទៅដឹកតាំងពីថ្ងៃទី២២ និង២៣ ខែកញ្ញា ឆ្នាំ២០១៧ ប៉ុន្តែអាក់ខាន ដោយសារភ្លៀងធ្លាក់ពិបាកចូល ក៏ដូចជាឧបសគ្គក្នុងការដឹកជញ្ជូន។

NKD-36x6_outline

ប្រសិនបើសកម្មភាពនៃការដឹកជញ្ជូនឈើនេះមិនមានការបង្ក្រាបទេនោះ បើទោះជាឈ្មួញប្រើម៉ូតូកែច្នៃជាមធ្យោបាយដឹកជញ្ជូនក៏ដោយ គឺមានទ្រង់ទ្រាយធំមិនខុសពីការប្រើត្រាក់ទ័រ រថយន្តកែច្នៃ រថយន្តបាកុង សម្រាប់ជាមធ្យោបាយដឹកជញ្ជូននោះទេ។ ប្រជាពលរដ្ឋបានបង្ហើបថា ម៉ូតូកែច្នៃទាំងនោះភាគច្រើនត្រូវបានក្រុមឈ្មួញប្រមូលយកចេញពីតំបន់ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី និងមួយចំនួនទៀតជាម៉ូតូកែច្នៃរបស់វៀតណាម។ ក្រៅពីគម្រោងនាំឈើចេញទៅវៀតណាមតាមច្រកប៉ុស្តិ៍៤ ប៉ុស្តិ៍៥ អាចយ៉ាងយូរត្រឹមថ្ងៃទី២៥ ខែកញ្ញា ខាងមុខនេះ បើគ្មានវិធានការទប់ស្កាត់។ ក្នុងនោះសូម្បីតែប៉ុស្តិ៍៧ នៅស្រុកពេជ្រាដា ដែលចរាចរណ៍ឈើយ៉ាងអនាធិបតេយ្យក្នុងមុនភ្ជុំបិណ្ឌ ក្នុងមួយថ្ងៃមានរថយន្តឡង់គ្រីស័រកែច្នៃពី៧ទៅ១៥គ្រឿង ប៉ុន្តែត្រូវបានផ្អាកមួយរយៈ បន្ទាប់ពីអំពើល្មើសច្បាប់នេះត្រូវបានបែកធ្លាយ។ ប៉ុស្តិ៍៧នេះ ត្រូវបានគេទម្លាយថា លោកសំរិទ្ធ ណយ មេប៉ុស្តិ៍៧ (ណាំលៀ) បន្ទាប់ពីបើកភ្លើងខៀវឲ្យមានការចរាចរណ៍ឈើល្មើសច្បាប់ឆ្លងទៅវៀតណាមទទួលជោគជ័យ ឬក៏ជាប្រយោជន៍ឆ្នាំងបាយរបស់ថ្នាក់លើ មេកើយរបស់ខ្លួន ទើបលេចឮមកថា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧នេះ គេនឹងត្រូវបែងចែកកញ្ចប់ទៅកាន់ស្ថាប័នសមត្ថកិច្ចពាក់ព័ន្ធដើម្បីឲ្យមានការដំណើរការចរាចរណ៍ឈើទៅវៀតណាមតាមច្រកមួយនេះ។ មួយរយៈនេះ សកម្មភាពដឹកជញ្ជូនឈើល្មើសច្បាប់នៅខេត្តមណ្ឌលគិរី បានកក្រើកឡើងវិញ ក្នុងនោះសូម្បីតែប៉ុស្តិ៍៤ ប៉ុស្តិ៍៥ ក៏ក្រុមឈ្មួញវៀតណាមហ៊ានចាំទទួលទិញឈើ និងឈូសឆាយផ្លូវសម្រាប់ឲ្យដឹកឈើឆ្លងទៅវៀតណាមយ៉ាងរលូនផងដែរ៕