ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ដូរស្នងការខេត្តកំពង់ចាមទើបអស់សង្វៀនជល់មាន់?

នៅគ្រាដែលសមត្ថកិច្ចខេត្តតាកែវ និងខេត្តកណ្តាលបង្ក្រាបសង្វៀនជល់មាន់តាមសំណូមពររបស់ប្រជាពលរដ្ឋនោះ នៅឯខេត្តកំពង់ចាមមានសេចក្តីរាយការណ៍ថា សង្វៀនជល់មាន់កើតមានគ្រប់ស្រុក ហើយបើសមត្ថកិច្ចចុះទៅបង្ក្រាបវិញនោះ គឺរើសបានតែស៊ុមក្រុងមាន់តែប៉ុណ្ណោះ។ ប្រជាពលរដ្ឋយល់ច្បាស់ថា ការដែលសមត្ថកិច្ចមិនអាចចាប់ម្ចាស់សង្វៀនមាន់បាន ព្រោះតែសមត្ថកិច្ចជាអ្នកផ្តល់ដំណឹងឲ្យម្ចាស់សង្វៀនមាន់រត់មុនខ្លួនទៅដល់។ ការដែលគេមិនអាចច្បាប់ម្ចាស់សង្វៀនមាន់យកទៅផ្តន្ទាទោសនោះ គឺជាឱកាសដែលឲ្យពួកឈ្មួញថៅកែសង្វៀនមាន់ទាំងនេះអាចរត់ទៅរកកន្លែងផ្សេងទៀត ដើម្បីបើកបន្តលេង។

ពលរដ្ឋនៅឃុំអម្ពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានអំពាវនាវឲ្យលោក ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម ចាត់វិធានការលុបបំបាត់ល្បែងស៊ីសងក្នុងមូលដ្ឋានពួកគាត់ជាបន្ទាន់។ ដោយហេតុថាមួយរយៈពេលកន្លងទៅនេះល្បែងបញ្ជល់មាន់បៀអាប៉ោងត្រូវគេបើកលេងយ៉ាងអនាធិបតេយ្យនៅភូមិបន្ទាយថ្ម ឃុំអម្ពិល ស្រុកកំពង់សៀម ហើយអធិការនគរបាលស្រុកកំពង់សៀម និងអភិបាលស្រុកកំពង់សៀម មិនចាត់វិធានការបង្ក្រាបឡើយ។ ប្រជាពលរដ្ឋសង្ស័យថា អាជ្ញាធរមូលដ្ឋានទទួលបានផលប្រយោជន៍ពីល្បែងស៊ីសងទើបបណ្ដោយឲ្យល្បែងស៊ីសងរាលដាលកាន់តែខ្លាំងឡើងៗ។

NKD-36x6_outline

តាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋក្នុងឃុំអម្ពិល ស្រុកកំពង់សៀម បានលើកឡើងថា ប្រសិនបើមេនគរបាលប៉ុស្ដិ៍អម្ពិល និងអធិការនគរបាលស្រុកកំពង់សៀម មិនឃុបឃិតទទួលផលប្រយោជន៍ពីអ្នកបើកល្បែងទេនោះ គឺគ្មាននរណាហ៊ានបើកល្បែងស៊ីសងខុសច្បាប់នោះទេ។ ការដែលល្បែងស៊ីសងក្នុងឃុំអម្ពិល រាលដាលកាន់តែខ្លាំងនាពេលបច្ចុប្បន្ននេះនាំឲ្យបទល្មើសផ្សេងៗកើតឡើងកាន់តែច្រើនដូចជា អំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ ហើយអ្នកភូមិខ្លះចាញ់ល្បែងអស់លុយកាក់ទ្រព្យសម្បត្តិយ៉ាងច្រើន។

បច្ចុប្បន្នល្បែងស៊ីសងកំពុងកើតឡើងយ៉ាងពេញបន្ទុកនៅឃុំអម្ពិល ស្រុកកំពង់សៀម ហើយនៅស្រុកចំការលើ ស្រុកជើងព្រៃ និងស្រុកបាធាយ ខេត្តកំពង់ចាម ក៏មានសេចក្ដីរាយការណ៍ពីរឿងល្បែងស៊ីសងកើតឡើងយ៉ាងអនាធិបតេយ្យផងដែរ។ ដូច្នេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ មិនគួរមើលរំលងភាពអសកម្មរបស់មន្ត្រីអាជ្ញាធរខេត្តកំពង់ចាម និងសមត្ថកិច្ចនគរបាលក្នុងខេត្តកំពង់ចាមនោះឡើយ៕