ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ តាព្រីងថៅកែបនល្បែងសុីសងដ៏ធំប្រចាំភាគខាងលិចរាជធានីភ្នំពេញ

ប្រជាពលរដ្ឋបានរាយការណ៍ថា នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខមានមេល្បែង កន្ទុយលេខដ៏ធំម្នាក់ឈ្មោះព្រីង ហើយបុគ្គលនេះបើកល្បែងស៊ីសងរហូតមានទ្រព្យ សម្បត្តិស្តុកស្តម្ភដោយសារការបើកល្បែងស៊ីសង ។

ប្រភពបានឲ្យដឹងទៀតថា មេកន្ទុយលេខតូចតាចមួយចំនួនក្នុងសង្កាត់ទឹកថ្លា និង សង្កាត់មួយចំនួនទៀតក្នុងខណ្ឌសែនសុខត្រូវបានសមត្ថកិច្ចបង្ក្រាបជាបន្តបន្ទាប់។ ដោយឡែកលោក ព្រីង បែរជាអាចគេចផុតពីការបង្ក្រាបយ៉ាងក្រអឺតក្រទម ។

ប្រជាពលរដ្ឋក្នុងសង្កាត់ទឹកថ្លាបានឲ្យដឹងថា តាព្រីងមានទីតាំងកត់កន្ទុយលេខដ៏ធំនៅម្តុំខាងក្រោយមណ្ឌលសុខភាពទឹកថ្លាចំណុចផ្សារជីងណាន ភូមិថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ហើយក៏មានកូនកញ្ច្រែងកត់កន្ទុយលេខនៅតាមបណ្តាខណ្ឌផ្សេងទៀតផងដែរ ព្រោះគ្មានសមត្ថកិច្ចណាបង្ក្រាបឡើយ។ ហេតុនេះហើយ ទើបប្រជាពលរដ្ឋអំពាវនាវឲ្យអាជ្ញាធរពិនិត្យឡើងវិញជាបន្ទាន់ព្រោះល្បែងស៊ីសង ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គម ។

ប្រភពខ្លះបានឲ្យដឹងថា ប្រការដែល តាព្រីង អាចបើកល្បែងកន្ទុយលេខយ៉ាងពេញ បន្ទុកច្រើនឆ្នាំកន្លងទៅនេះដោយសារមានទំនាក់ទំនងជាមួយមន្ត្រីគ្រាក់ៗទើបអាច ចៀសផុតពីការបង្ក្រាប។ ផ្តើមចេញពីល្បែងស៊ីសងនេះហើយទើបបទល្មើសផ្សេងៗ គួរឲ្យភ័យខ្លាចដូចជាអំពើចោរកម្មលួចប្លន់ បទល្មើសជួញដូរចែកចាយនិងប្រើប្រាស់គ្រឿងញៀនក៏ដូចជាបទឧក្រិដ្ឋយ៉ាងរាលដាល ៕