ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ទីតាំងវិទ្យាល័យប៊ុន រ៉ានីហ៊ុន សែន ភ្នំជីសូរ ជាកន្លែងផ្ញើរថយន្តយកលុយឯកជន

ភ្ញៀវទេសចរណ៍​ ដែលចូលទៅលេងភ្នំជីសូរ ត្រូវយករថយន្ត​ផ្ញើក្នុងវិទ្យាល័យប៊ុន រ៉ានីហ៊ុន សែន ភ្នំជីសូរ ដោយខាន​មិនបាន ។ លុយដែលប្រមូលបាន​ពី​រថយន្តភ្ញៀវទេសចរណ៍​ មិនមែនដើម្បីយកទៅអភិវឌ្ឍន៍តំបន់ទេសចរណ៍ ឬក៏ទ្រទ្រង់សកម្មភាព​នានារបស់សាលានោះឡើយ ផ្ទុយទៅវិញ វា​ហូរចូលទៅក្នុងហោប៉ៅ​របស់អ្នកម៉ៅការសាលានេះតែប៉ុណ្ណោះ ។ លោកប៉ែន ចាន់ថា សហការជាមួយលោកនាយក មាស វុឌ្ឍី និងនាយិការង សាយ សាខន ប្រមូលលុយពីរថយន្ត​ភ្ញៀវទេសចរណ៍ ដែលចូលទៅកម្សាន្តភ្នំជីសូរ ។ ម៉ូតូមួយគ្រឿងថ្លៃ២ពាន់រៀល មិនគិតថ្ងៃឈប់ សម្រាក ឬក្នុងពេលសិស្សកំពុងរៀននោះឡើយ ។

សេចក្តីរាយការណ៍បាន​ឲ្យដឹងថា លោក ប៉ែន ចាន់ថា បានធ្លោយអំពីការដែលខ្លួនអាចរកចំណូលបានរាប់ម៉ឺនរៀល ក្នុងមួយថ្ងៃៗ ពី​រថយន្ត​ភ្ញៀវទេសចរណ៍ចូលកម្សាន្តភ្នំជីសូរ ហើយត្រូវយកទៅផ្ញើក្នុងបរិវេណសាលា ។ លោក​ប៉ែន ចាន់ថា អះអាងថា រថយន្តមួយគ្រឿង ត្រូវយកថ្លៃ២ពាន់រៀល ។ លុយនោះ ត្រូវបានលោកគ្រូ អ្នកគ្រូនៅក្នុងវិទ្យាល័យខាងលើ​អះអាងថា គឺជាចំណូលសម្រាប់តែ​លោកនាយក និងនាយិការង រួមទាំងអ្នកម៉ៅការនោះតែប៉ុណ្ណោះ ។ នៅក្នុងម៉ោងរៀន ក៏គេទទួលរថយន្តភ្ញៀវទេសចរណ៍ ដោយមិនគិតអំពីការរំខានចំពោះសិស្ស​ដែលកំពុងសិស្សារៀនសូត្រនោះឡើយ ។ ប្រការនេះ ធ្វើឲ្យសិស្សានុសិស្សរអ៊ូរទាំដែរ ។

នៅក្នុងសាលាខាងលើនេះ ក្រៅពីបញ្ហាយកទីធ្លា​ផ្ញើ​រថយន្តភ្ញៀវយកលុយជាឯកជននោះ ក៏នៅមានរឿងរ៉ាវ​របស់លោកស្រីនាយិការង សាយ សាខន ដែលឆ្លៀត​លក់ពាក្យចូលរៀនសម្រាប់សិស្សថ្នាក់ទី១០មួយសន្លឹក ថ្លៃ១ពាន់រៀលនោះទៀតផង ។ ករណីខាងលើនេះ សិស្សានុសិស្ស ស្នើឲ្យការិយាល័យអប់រំ ស្រុកសំរោង ក៏ដូចជាមន្ទីរអប់រំ យុវជន និងកីឡា ខេត្តតាកែវ​ពិនិត្យមើលផង ពីព្រោះទីតាំងសាលា មិនគួរត្រូវបានឲ្យអ្នកដទៃបើករថយន្តចូលគ្រប់ពេលវេលា ទាំងពេលដែលសិស្សកំពុងរៀន ហើយផលប្រយោជន៍​ត្រូវបានទៅលើ​បុគ្គលឯកជននោះឡើយ ៕