ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ធ្លាយអំពើពុករលួយប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ

ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា​លោក ស្រី ស៊ីន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ធំ ក្រៅពី​ប្រើ​អំណាច​ឃុបឃិត​ជាមួយ​បក្ខពួក​មួយ​ក្ដាប់​តូច​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព គឺ​លោក ស្រី ស៊ីន ថែមទាំង​បង្ក​ឲ្យ​មាន​ភាពមិនប្រក្រតី​មួយចំនួន​កើតឡើង​ទៀតផង​។ ជាក់ស្ដែង​គ្រូពេទ្យ​មួយចំនួន​ដែល​កំពុងបើក​កន្លែង​ព្យាបាល​ជំងឺ​នៅក្នុង​ក្រុង​ស្ទឹងសែន ស្រុក​ស្ទោង និង​បណ្ដា​ស្រុក​មួយចំនួនទៀត​ក្នុង​ខេត្តកំពង់ធំ ត្រូវបាន​គេ​ដឹងថា​ជួល​សញ្ញាបត្រ​របស់​អ្នកផ្សេង​មក​បើក​អាជីវកម្ម​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល មិនគួរ​មើលរំលង​តទៅទៀត​ទេ ហើយ​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ភាព​អសកម្ម​និង​ទង្វើ​មិន​ប្រក្រតី​របស់លោក ស្រី ស៊ីន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ធំ ជាបន្ទាន់​។

តាម​ការ​បង្ហើប​ពី​មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ធំ មួយចំនួន​បាន​ឲ្យ​ដឹង​ទៀតថា អ្នក​ប្រកប​អាជីវកម្ម​លក់​ថ្នាំពេទ្យ​និង​បើក​កន្លែង​ព្យាបាល​ជំងឺ​ជាច្រើន​កន្លែង​ក្នុង​ខេត្តកំពង់ធំ ពុំមាន​សញ្ញាបត្រ​វិជ្ជាជីវៈ​គ្រូពេទ្យ​ត្រឹមត្រូវ​ឡើយ​។ អ្នកខ្លះ​បាន​ជួល​សញ្ញាបត្រ​អ្នកដទៃ​មក​ធ្វើ​អាជីវកម្ម​យ៉ាង​ងងើល ហេតុនេះហើយ​ទើប​កន្លងមក​មាន​ប្រជាពលរដ្ឋ​រងគ្រោះ​ស្លាប់បាត់​បង់ជីវិត​តាម​កន្លែង​ព្យាបាល​ជំងឺ​មួយចំនួន​ក្នុង​ខេត្តកំពង់ធំ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ស្រី ស៊ីន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ធំ ទេនោះ​គឺ​អ្នក​គ្មាន​សញ្ញាបត្រ​ជា​គ្រូពេទ្យ មិនអាច​បើក​អាជីវកម្ម​លក់​ថ្នាំពេទ្យ​ឬ​បើក​កន្លែង​ព្យាបាល​ជំងឺ​យ៉ាង​អនាធិបតេយ្យ​ដូច​សព្វថ្ងៃ​នេះឡើយ​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ស្រី ស៊ីន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា ក្នុងនាម​ជា​ប្រធាន​មន្ទីរ គឺ​លោក ស្រី ស៊ីន គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​រាល់​គម្រោង​ចំណូល​ចំណាយ​របស់​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ធំ ស្ថិតនៅក្នុង​ភាពអាថ៌កំបាំង​បង្កប់​ទៅដោយ​អំពើពុករលួយ​តាមច្រើន​រូបភាព​។ ក្នុងនោះ​ករណី​អ្នកបើក​អាជីវកម្ម​លក់​ថ្នាំពេទ្យ​និង​បើក​កន្លែង​ព្យាបាល​ជំងឺ​ដោយ​គ្មាន​សញ្ញាបត្រ​ជា​គ្រូពេទ្យ​ពិតប្រាកដ ហើយ​ជួល​សញ្ញាបត្រ​អ្នកដទៃ​មក​បើក​អាជីវកម្ម​គឺ​កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ច្រើន​នាក់​ត្រូវ​រងគ្រោះ​បាត់បង់​អាយុជីវិត​ជា​បន្តបន្ទាប់​។ ដូច្នេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ​ចាត់វិធានការ​ត្រួតពិនិត្យ​ភាពមិនប្រក្រតី​នៅក្នុង​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ធំ ជាបន្ទាន់​ ៕