ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ធ្លាយរឿងអភិបាលស្រុកអង្គរបុរី ឌឹម គឹមសាន ជំរិតប្រាក់ពីម្ចាស់ខារ៉ាអូខេ១បន្ទប់១០០ដុល្លារក្នុងមួយឆ្នាំ

នៅថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ តាមប្រភពព័ត៌មានទើបទទួលបាន បានខ្សឹបឲ្យដឹងថា លោកអភិបាលស្រុកអង្គរបុរីបានធ្វើសកម្មភាពអារកខ្យងសម្រក់ឈាម គឺបានជំរិតទារប្រាក់ប្រជាពលរដ្ឋក្រោមការគ្រប់គ្រងរបស់ខ្លួនឲ្យបង់លុយ១០០ដុល្លារក្នុងមួយឆ្នាំសម្រាប់ជាថ្នូរនឹងការបើកអាជីវកម្មខារ៉ាអូខេក្នុងមួយបន្ទប់ ស្ថិតនៅក្នុងស្រុកអង្គរបុរី ខេត្តតាកែវនេះ។

គេខ្សឹបថា ប្រជាពលរដ្ឋបានបោះឆ្នោតជូនគាត់ឲ្យធ្វើជាតំណាងដើម្បីជួយដោះស្រាយបញ្ហាទុក្ខលំបាករបស់ពលរដ្ឋ ប៉ុន្តែផ្ទុយទៅវិញលោក ឌឹម គឹមសាន បែរជាមកជំរិតលុយពីពួកគាត់ដែលរកស៊ីកំប៉ិកកំប៉ុកអង្ករកំប៉ុងសម្រាប់ចិញ្ចឹមឆ្នាំងទៅវិញ ។

ប្រជាពលរដ្ឋនៅក្នុងភូមិសាមគ្គី ស្រុកអង្គរបុរី ខេត្តតាកែវបានរាយការណ៍ថា ពួកគាត់ដែលជាម្ចាស់ហាងខារ៉ាអូខេ ក្នុងមួយឆ្នាំៗ ម្នាក់ៗត្រូវចំណាយលុយ១០០ដុល្លារបង់ជូនលោក ឌឹម គឹមសាន ដែលជាអភិបាលស្រុកអង្គរបុរី។ ករណីនេះ ពួកគាត់ដែលជាម្ចាស់អាជីវកម្មប្រមាណជាង១០ទីតាំង សរុបជាបន្ទប់មានជាង៥០បន្ទប់ នៅក្នុងស្រុកអង្គរបុរីទាំងមូលឆ្ងល់ថា តើលុយទាំងនេះ ត្រូវបង់ជូនលោកឌឹម គឹមសានដើម្បីអ្វីនោះឡើយ ។ ក្នុង១ឆ្នាំលោកអភិបាលស្រុកអង្គរបុរីរូបនេះអាចរកលុយបានពីបន្ទប់ខារ៉ាអូខេរាប់ពាន់ដុល្លារ។

ម្ចាស់ហាងខារ៉ាអូខេបានលើកឡើងថា ពួកគាត់ស្ងាត់ភ្ញៀវណាស់ រកប្រាក់ពុំសូវបាននោះទេ ហេតុដូច្នេះហើយទើបពួកគាត់ស្នើដល់ថ្នាក់លើនៃខេត្តតាកែវ មេត្តាជួយដល់ពួកគាត់ផង គឺសុំអន្តរាគមន៍ជួយកុំឲ្យមានការបង់លុយជូនលោកឌឹម គឹមសានបន្តទៀតអី ។

ទាក់ទងបញ្ហានេះ មិនអាចទាក់ទងសុំការបំភ្លឺបានទេពីលោកឌឹម គឹមសាន អភិបាលស្រុកអង្គរបុរីកាលពីរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ដោយសារពុំមានលេខទូរស័ព្ទ ៕

ទាក់ទងបញ្ហានេះ មិនអាចទាក់ទងសុំការបំភ្លឺបានទេពីលោកឌឹម គឹមសាន អភិបាលស្រុកអង្គរបុរីកាលពីរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ដោយសារពុំមានលេខទូរស័ព្ទ ៕