ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ នាយកដែនជម្រកសត្វ​ព្រៃ​កែវសីមា មកដល់ភ្លាមផ្អើលភ្លាម

លោកព្រំ សុវណ្ណា នាយកដែនជម្រក​សត្វព្រៃ​កែវសីមា ដែលទើបតែ​តែងតាំង​ដោយរដ្ឋបាលសាលាខេត្ត​មណ្ឌលគិរី មិនបានមួយខែផង ធ្វើ​ឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង​ពាក់ព័ន្ធនឹងបទល្មើសនៃការដឹកជញ្ជូនឈើ ។ មន្ត្រី​ដែនជម្រកសត្វព្រៃ​ដែលមានតួនាទីជាអ្នកបង្ក្រាបបទល្មើសព្រៃឈើ បានក្លាយទៅជាអ្នកដែលឃុបឃិត ឬដើមចម​កសាងបទល្មើសទៅវិញ ។ ក្រៅពីការប្រមូលប្រាក់តាម​រថយន្តម៉ូតូដឹកជញ្ជូនឈើ មន្ត្រី​ដែនជម្រកសត្វព្រៃ​ជាអ្នកដែល​គៀងគរឲ្យប្រជាពលរដ្ឋកាប់ព្រៃ​ដើម្បីយកដី ។

បើតាមសេចក្តីរាយការណ៍ឲ្យដឹងថា នៅតំបន់ស្រែអំពុយ ស្ថិតក្នុងភូមិស្រែឈូក ស្រុកកែវសីមា កម្លាំងសហគមន៍ សហការជាមួយមន្ត្រី​អាជ្ញាធរដែនដីចាប់មេខ្យល់៦នាក់ ដែល​ធ្វើចលនា​ឲ្យប្រជាពលរដ្ឋកាប់ទន្ទ្រានព្រៃ ។ បើតាម​មន្ត្រីអាជ្ញាធរស្រុកកែវសីមាមួយរូបអះអាងថា រឿង​កាប់រានដីព្រៃនេះ ជារឿងធំដែលពាក់ព័ន្ធជាមួយថ្នាក់ដឹកនាំខេត្ត​មណ្ឌលគិរី ។ ពោលគឺការបញ្ជូន​លោកព្រំ សុវណ្ណា និង​សៀង ស៊ីណា ឲ្យមកធ្វើជាថ្នាក់ដឹកនាំ ដែនជម្រកសត្វព្រៃកែវ​សីមា មាន​ភារកិច្ចស្នួលក្នុងរឿងនេះដែរ ។ ហេតុដូច្នេះហើយ ទើបបានជាគ្រាន់តែមកដល់ភ្លាម មានចរន្តនៃការចូលព្រៃ កាប់បំផ្លាញព្រៃឈើប្រាថ្នាយកដី ។

ពាក់ព័ន្ធនឹងបទល្មើសនៃការដឹកជញ្ជូនឈើវិញ បុរសម្នាក់ដែលជាអ្នករកស៊ីដឹកជញ្ជូនឈើតាមម៉ូតូបាននិយាយថា សព្វថ្ងៃនេះ លោកសៀង ស៊ីណា ហៅសិលា​ ដែលជាប្អូនប្រុសអតីតមេយោធាខេត្ត គឺជាអ្នក​ដាក់កម្លាំងឈរជើងនៅខ្ទមអ្នកតា​មួយកន្លែង ស្ថិតនៅភូមិ ពូចា ឲ្យចាំយកលុយពីពួកគេ មានទាំងដាក់ខែ និងយកលុយ​ប្រចាំថ្ងៃ ។ ក្រុមអ្នករកស៊ីដឹកឈើតាមម៉ូតូនិយាយថា មន្ត្រីដែលបោះតង់នៅចំណុចខ្ទមអ្នកតា ភូមិពូចា ជាកូនចៅរបស់លោក សៀង ស៊ីណា ។ ក្នុងមួយខែពួកគេត្រូវបង់ប្រាក់ឲ្យកូនចៅលោកសៀង ស៊ីណា ចាប់ពី៦០ម៉ឺនរៀល ដល់១លានរៀល ។

ក្រុមអ្នកសង្កេតការ​ដែលឃ្លាំមើលកិច្ចការនេះអះអាងថា លោកព្រំ សុវណ្ណា និងលោកសៀង ស៊ីណា នាយ និងនាយរង​ដែនជម្រកសត្វព្រៃ​កែវសីមា កំពុងតែបំពេញផែនការ និងយុទ្ធសាស្ត្រ​ឲ្យថ្នាក់ដឹកនាំ​ខេត្តមណ្ឌលគិរី ។ នរណាក៏ដឹងដែរថា បុរសម្នាក់ឈ្មោះ សៀង ស៊ីណា ដែលអានអក្សរខ្មែរមិនដាច់​នោះ ត្រូវបានថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី​ញាត់បញ្ចូលឲ្យមានតួនាទីជា នាយរង​ដែនជម្រកសត្វព្រៃកែវសីមា ។ គេនិយាយថា វត្ថមានលោក សៀង ស៊ីណា គឺជាភ្នែក​ច្រមុះថ្នាក់ដឹកនាំខេត្ត ៕