ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ នាយខណ្ឌរដ្ឋបាលជលផលខេត្តកោះកុងអនុញ្ញាតឲ្យទូកជនបរទេសចូលនេសាទក្នុងដែនទឹកខ្មែរ

ប្រជានេសាទខេត្តកោះកុងបានរិះគន់ថា ករណីអំពើពុករលួយក្នុងវិស័យលជលផលនៅតែកើតមាននៅឡើយ ព្រោះមន្ត្រីពុករលួយនិងឈ្មួញលខិលខូច ពិសេសឈ្មួញបរទេសដែលចូលមកនេសាទខុសច្បាប់ក្នុងដែនសមុទ្រកម្ពុជា នៅតែបន្តអាចឃុបឃិតគ្នាដោយរលូន។ ប្រភពដដែលបានបញ្ជាក់ថា លោក ឡាង គីរី នាយខណ្ឌរដ្ឋបាលជលផលខេត្តកោះកុង ដែលរងការរិះគន់ក្នុងករណីទូកនេសាទខុសច្បាប់នោះកំពុងតែធ្វើព្រងើយកន្តើយក្នុងករណីទូកនេសាទជនបរទេស លួចចូលនេសាទខុសច្បាប់លើផ្ទៃសមុទ្រកម្ពុជា។

ទន្ទឹមនឹងនេះនគរបាលជើងទឹកដែលមានតួនាទីការពារដែនអធិបតេយ្យភាពកម្ពុជាលើផ្ទៃសមុទ្រក៏មានជាប់ពាក់ព័ន្ធជាមួយនឹងទូកនេសាទខុសច្បាប់ផងដែរ ប្រជានេសាទខេត្តកោះកុងបានបញ្ជាក់ថា សព្វថ្ងៃនេះករណីទូកនេសាទខុសច្បាប់របស់ជនជាតិថៃ និងវៀតណាម នៅតែមាននៅឡើយ។

NKD-36x6_outline

ប្រជាពលរដ្ឋខេត្តកោះកុង បានសង្កត់ធ្ងន់ថាបើអាជ្ញាធរខេត្តកោះកុងបំពេញការងារមានប្រសិទ្ធភាព និងមានភាពស្អាតស្អំពិតមែននោះមន្ត្រីជំនាញមិនមែនចេះតែអាចពុករលួយបានទេ។ ជាក់ស្តែងមន្ត្រីរដ្ឋបាលជលផលខេត្តកោះកុង នៅតែអាចទទួលបានផលប្រយោជន៍ពីបទល្មើសនេសាទពីជនជាតិខ្មែរ និងជនបរទេស ពិសេសជនជាតិថៃ និងវៀតណាម ដែលពួកគេអាចចូលមកនេសាទខុសច្បាប់លើផ្ទៃសមុទ្រកម្ពុជាបានយ៉ាងរលូនដោយសារតែសូកប៉ាន់ប្រាក់ឲ្យមន្ត្រីជំនាញកម្ពុជា។

នៅខេត្តកោះកុង ពីដើមឡើយសម្បូរព្រៃឈើណាស់ដែលឈ្មួញ និងមន្ត្រីពុករលួយបានកាប់យកទៅលក់ឲ្យសៀមរាប់ឆ្នាំឡើងហិនហោច ហើយសព្វថ្ងៃនេះមន្ត្រីនៅតែពុករលួយដដែល គឺពុករលួយពាក់ព័ន្ធនឹងបទល្មើសសេដ្ឋកិច្ចតាមរយៈការនាំចូលទំនិញគេចពន្ធពីប្រទេសសៀម។ ទន្ទឹមនឹងនេះបទល្មើសនេសាទលើផ្ទៃសមុទ្រ និងករណីបូមខ្សាច់សមុទ្រក៏ជាចំណែកមួយសំខាន់ដែលអាចឲ្យមន្ត្រីពុករលួយរកប្រាក់ធ្វើមានបានយ៉ាងគឃ្លើន ខណៈការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅខេត្តកោះកុងនៅតែមានកម្រិតទាបដដែល៕